សិង្ហបុរី៖ ក្រសួងសុខាភិបាលសិង្ហបុរី បាននិយាយកាលពីថ្ងៃពុធ ថា ប្រទេសនេះ បានថារកឃើញករណីដំបូងនៃជំងឺអុតស្វា ដែលឆ្លងក្នុងសហគមន៍។
ករណីនេះ បានកើតលើជនជាតិម៉ាឡេស៊ី ភេទប្រុស អាយុ ៤៥ឆ្នាំ ស្នាក់នៅប្រទេសសិង្ហបុរី ។ គាត់បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃពុធ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា អ្នកមានទំនាក់ទំនងជិតស្និទ្ធចំនួន ៣នាក់ ត្រូវបានកំណត់អត្តសញ្ញាណគិតត្រឹមថ្ងៃពុធ ហើយពួកគេ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ២១ ថ្ងៃ ចាប់តាំងពីទំនាក់ទំនងចុងក្រោយជាមួយគាត់។
គាត់មានរោគសញ្ញា ដូចជា ដំបៅស្បែកពោះផ្នែកខាងក្រោម អស់កម្លាំង ហើមកូនកណ្តុរ ក្តៅខ្លួន និង ឈឺបំពង់ក។
ក្រសួងបាននិយាយថាស្ថានភាពរបស់គាត់មានស្ថិរភាព ហើយបច្ចុប្បន្នគាត់កំពុងស្ថិតនៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID) ក្នុងប្រទេសសិង្ហបុរី ដោយបន្ថែមថា ហានិភ័យនៃការឆ្លងដល់មនុស្សទូទៅ នៅតែមានកម្រិតទាប។ កាលពីខែមុន សិង្ហបុរី រកឃើញករណីនាំចូលជំងឺអុតស្វាលើកដំបូងផងដែរ។
អង្គការសុខភាពពិភពលោកបាននិយាយថា ករណីជំងឺអុតស្វា ត្រូវបានរកឃើញជាង ៦០០០ករណី ក្នុង ៥៨ប្រទេស៕