ភ្នំពេញ៖ ទន្ទឹមនឹងមួយរយៈពេលមុន មហាជនជាច្រើនបានចាប់អារម្មណ៍ថា តារាចម្រៀងស្រី ពេជ្រ សូលិកា និងស្វាមី ហាក់មិនសូវបង្ហាញរូបភាពជាមួយគ្នារហូតដល់មានការសន្មតថា អ្នកទាំង២កំពុងមានបញ្ហាក្នុងគ្រួសារ។
ក្រោយមក នៅពេលដែលស្វាមីរបស់តារាចម្រៀងស្រីរូបនេះចែករំលែករូបភាពជូនដំណើរគ្រួសារទៅព្រលានយន្តហោះដើម្បីហោះទៅប្រទេសអូស្ត្រាលីវិញ ក៏មិនឃើញមានវត្តមានរបស់ ពេជ្រ សូលិកា ដែរជាហេតុរឹតតែធ្វើឱ្យគ្រប់គ្នាសង្ស័យខ្លាំងឡើង។ បន្ទាប់ពីពេលនោះ ពេជ្រ សូលិកា ក៏បាននិយាយបកស្រាយក្នុងការ Lived ថា នាងមិនបានចែកផ្លូវគ្នាអ្វីឡើយ ហើយចានក្នុងរាវតែងមានទង្គិចវាជារឿងធម្មតា។
ទោះជាយ៉ាងណា មកទល់ពេលនេះ ស្វាមីរបស់តារាចម្រៀង ពេជ្រ សូលិកា បានបញ្ជាក់ច្បាស់ហើយថា រវាងលោក និង ពេជ្រ សូលិកា បានប្តូរមកជាមិត្តភក្តិវិញហើយ ប៉ុន្តែអ្នកទាំង២នៅតែមានទំនួលខុសត្រូវចំពោះកូនប្រុសដដែល។ ចំណែកឯ ពេជ្រ សូលិកា វិញបានចែករំលែកពាក្យបែបនេះថា៖
“ខ្ញុំនឹងបង្រៀនកូនប្រុសរបស់ខ្ញុំឱ្យស្គាល់ពីការឱ្យតម្លៃមនុស្សជុំវិញខ្លួនឱ្យបានច្រើន រៀនកុំកុហក កុំក្បត់ កុំអាត្មានិយម កុំអំនួតលើខ្លួនឯង កុំបោកប្រាស់ កុំធ្វើបាបចិត្តគេ កុំនិយាយជាន់មនុស្សដែលខ្លួនស្រលាញ់ កុំចង់មានបានលើសសមត្ថភាពរបស់ខ្លួន កុំរៀនល្បិចកល កុំហ៊ឺហានឹងរបស់ក្លែងក្លាយ កុំងប់ងល់នូវទង្វើរបស់ខ្លួនបានប្រឌិត កុំរៀនសម្តែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេឱ្យបានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុសដែលខ្លួនបានធ្វើ រៀនយល់ចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និងការឱ្យតម្លៃមនុស្ស”។
ទោះជាយ៉ាងណា ការចែកផ្លូវរវាងអ្នកទាំង២ បានបន្សល់ទុកត្រឹមភាពសោកស្តាយប៉ុណ្ណោះ យ៉ាងណាមិញ អ្នកទាំង២ក៏មិនទាន់មានឈ្មោះជាប្តីប្រពន្ធនៅឡើយ ពោលបន្ទាប់ពីភ្ជាប់ពាក្យរួច ជាង២ឆ្នាំមកនេះអ្នកទាំង២បានរួមរស់នៅជាមួយគ្នាដោយទទួលបានកូនប្រុសដ៏គួរឱ្យស្រលាញ់ម្នាក់ផងដែរ៕