កាលពីយប់ថ្ងៃសុក្រ ទី 8 ខែកក្កដា ឆ្នាំ 2022 គឺជាការប្រកួតដ៏កក្រើកដណ្ដើមចំណាត់ថ្នាក់លេខ 3 ទាំងពីរប្រភេទទម្ងន់ 54 គីឡូក្រាម និង 57 គីឡូក្រាម នៅសង្វៀន CBS គុនខ្មែរ។
កីឡាករទាំងពីររបស់ក្រុមទន្សោងទក្សិណ រួមមាន ប៊ន ពន្លឹក និង ឡុង អាឆើត ទីបំផុត បានបន្តយកឈ្នះលើគូប្រកួតរៀងៗខ្លួន ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ 3 អមដោយទឹកប្រាក់រង្វាន់ 4 លានរៀល សម្រាប់កីឡាករម្នាក់។
ប៊ន ពន្លឹក បានយកឈ្នះលើ ផាន់ ខាំតៃ មកពីក្រុមឆ្លាមស ឥសាន ដោយការសម្រេចជាឯកច្ឆន្ទពីចៅក្រមទាំងប្រាំរូប (98-97 99-96 98-97 98-97 99-96)។
បន្ទាប់ពីការប្រកួតក្នុងប្រភេទ 54 គីឡូក្រាម យើងក៏បានរកឃើញ អ្នកទទួលបានលេខ 3 សម្រាប់ប្រភេទ 57 គីឡូក្រាម ដែលបានទៅលើកីឡាករ ឡុង អាឆើត ដែលបានយកឈ្នះលើ ថា សារុន នៃក្រុមចចកបស្ចឹម ដោយការសម្រេចមិនឯកច្ឆន្ទពីចៅក្រមទាំងប្រាំរូប (97-98 98-97 97-98 98-97 96-99)។
គួររំឭកថា អ្នកឈ្នះទាំងពីរ ទើបតែបានចែកប្រាក់រង្វាន់ 20 រៀល អមជាមួយ ពានរង្វាន់ CBS គុនខ្មែរ កាលពីវគ្គសន្សំពិន្ទុកាលពី 2 សប្ដាហ៍កន្លងទៅ។
សូមជម្រាបថា សម្រាប់ ផាន់ ខាំតៃ និង ថា សារុន ទាំងបរាជ័យ ក៏នឹងទទួលបានប្រាក់រង្វាន់ចំនួន 2 លានរៀល សម្រាប់កីឡាករម្នាក់ផងដែរក្នុងនាមជាកីឡាករដែលទទួលបានចំណាត់ថ្នាក់លេខ 4 ។
CBS គុនខ្មែរ នឹងធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ទាំងពីរប្រភេទទម្ងន់ នៅថ្ងៃសុក្រ ទី 15 ខែកក្កដា ខាងមុខនេះ ដែលមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN និង ការ LIVE លើហ្វេសប៊ុក Page “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ចាប់ពីម៉ោង 7-9 យប់។ ប្រិយមិត្ត អ្នកស្នេហាកីឡាប្រដាល់គុនខ្មែរ ក៏អាចចូលរួមទស្សនាផ្ទាល់នៅស្ទូឌីយ៉ូ CTN ផងដែរ៕