ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចាប់ពីថ្ងៃទី១១ ដល់ ១៤ ខែកក្កដា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលអាកាសធាតុជាបន្តបន្ទាប់ ក្នុងនោះបណ្ដាខេត្តនៅទិសនិរតី នឹងអាចកើតមានទឹកជំនន់ ដូច្នេះប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
បន្ទាប់ពីក្រសួងបានធ្វើការតាមដានការវិវឌ្ឍស្ថានភាពអាកាសធាតុជាបន្តបន្ទាប់បានបង្ហាញឱ្យឃើញថា ដោយទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង រួមជាមួយ និងមូសុងនិរតីបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជាផងនោះ បានធ្វើឱ្យ បណ្តាខេត្តនិងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្នុងនោះ នៅថ្ងៃទី១១-១៤ ខែកក្កដា តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ដែលអាចធ្វើឱ្យផ្នែកមួយចំនួននៅក្នុងភូមិសាស្ត្រ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ អាចជួបប្រទះនៅជំនន់ទឹកភ្លៀង។ ទន្ទឹមនោះនៅលើផ្ទៃសមុទ្រនឹងមានភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
ក្រសួង បានអំពាវនាវដល់សាធារណជនជ្រាបជាព័ត៌មាននិងបង្កើន ការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងតាមដានយកចិត្តទុកដាក់លើបាតុភូតធម្មជាតិ ហើយនឹងជម្រាបជូន ជាព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕