អាការក្រហាយទ្រូង កើតឡើងនៅពេលដែលអាស៊ីដក្រពះ ច្រាលទៅកាន់បំពង់អាហារវិញ។ ជាទូទៅ អាការនេះអាចធ្វើឱ្យយើងមានអារម្មណ៍ជូរមាត់ ព្រមទាំងរលាកបំពង់ក។ ប្រសិនបើយើងជួបប្រទះអាការនេះញឹកញាប់ គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។ យ៉ាងណាមិញ គ្នាយើងមួយចំនួនអាចនឹងកើតមានអាការក្រហាយទ្រូង ក្រោយធ្វើលំហាត់ប្រាណ ឬអំឡុងពេលហាត់ប្រាណតែម្ដង ហើយដើម្បីកាត់បន្ថយអាការក្រហាយទ្រូងអំឡុងពេលហាត់ប្រាណ យើងគួរអនុវត្តគន្លឹះងាយៗទាំងនេះ។
១. ជៀសវាងផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនមុនពេលហាត់ប្រាណ
ជារឿយៗ អ្នកចូលចិត្តផឹកកាហ្វេ ឬប្រើអាហារបំប៉នដែលមានជាតិកាហ្វេអ៊ីនមុនពេលហាត់ប្រាណ អាចបណ្ដាលឱ្យមានអាការក្រហាយទ្រូង អំឡុងពេលធ្វើលំហាត់ប្រាណ។ ដូច្នេះហើយ យើងគួរបញ្ឈប់ការផឹកភេសជ្ជៈប្រភេទនេះ មុនពេលចាប់ផ្ដើមធ្វើលំហាត់ប្រាណ។
២. ជៀសវាងញ៉ាំអាហារច្រើនមុនពេលហាត់ប្រាណ
មូលហេតុបង្កមួយទៀតនៃការច្រាលអាស៊ីដ គឺការមានសម្ពាធលើសាច់ដុំខ្ជឹបបំពង់អាហារ។ ក្នុងករណីដែលយើងញ៉ាំអាហារច្រើនពេក នោះអាស៊ីដក្រពះនឹងច្រាលឡើងលើ ព្រមទាំងដាក់សម្ពាធលើសាច់ដុំមួយនេះ។ ជាលទ្ធផល យើងអាចនឹងជួបប្រទះការក្រហាយទ្រូង។ ការរក្សាគម្លាតរយៈពេលយ៉ាងហោចណាស់២ម៉ោង នៅចន្លោះពេលញ៉ាំអាហារ និងហាត់ប្រាណ អាចជួយបញ្ចៀសអាការក្រហាយទ្រូងបានយ៉ាងមានប្រសិទ្ធភាព។
៣. ទំពាស្ករកៅស៊ូ
ទន្ទឹមនឹងនេះដែរ ការទំពាស្ករកៅស៊ូ ក៏អាចជួយបង្ការការច្រាលអាស៊ីដ អំឡុងពេលហាត់ប្រាណដូចគ្នា។ យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា ការទំពាស្ករកៅស៊ូអាចជួយបញ្ចុះជាតិអាស៊ីដក្រពះបាន ដោយជំរុញការផលិតទឹកមាត់ ក៏ដូចជាកម្ចាត់ជាតិអាស៊ីដដែលលើសចេញពីបំពង់អាហារផងដែរ។
៤. បន្ថយកម្រិតនៃការហាត់ប្រាណ
ការហាត់ប្រាណខ្លាំងក្លាពេក ក៏ជាហេតុនាំឱ្យប្រឈមនឹងអាការក្រហាយទ្រូង ជាពិសេស សកម្មភាពដែលបង្កផលប៉ះពាល់ខ្លាំង ដូចជាការលោត និងរត់។ ស្រដៀងគ្នានេះដែរ ក្នុងករណីដែលយើងលើកទម្ងន់ធ្ងន់ពេក យើងក៏អាចប្រឈមនឹងហានិភ័យនៃការក្រហាយទ្រូង។ ជាក់ស្ដែង ការសិក្សាមួយក្នុងឆ្នាំ២០០៣ បានប្រៀបធៀបលទ្ធភាពដែលអាចនាំឱ្យច្រាលអាស៊ីដចំពោះកីឡាកររត់ប្រណាំង លើកទម្ងន់ និងជិះកង់។ លទ្ធផលបានបង្ហាញថា កីឡាកររត់ប្រណាំងជួបប្រទះការច្រាលអាស៊ីដតិចជាងអ្នកលើកទម្ងន់ ដែលនេះអាចបណ្ដាលមកពីការលើកទម្ងន់បញ្ចេញកម្លាំងខ្លាំងជាង។ ដូចនេះ ប្រសិនបើយើងប្រឈមនឹងការក្រហាយទ្រូងញឹកញាប់អំឡុងពេលហាត់ប្រាណ យើងគួរសាកល្បងហាត់យូហ្គា ឬការដើរជំនួសវិញ៕
ប្រភព៖ Hellokrupet