ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅសារមន្ទីរជាតិកម្ពុជា មានការរៀបចំពិធីអបអរការបញ្ជូនសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ ត្រឡប់មកកម្ពុជាវិញ ក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងលោក Daniel J, Kritenbrink ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា អមដោយ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។
លោកឧបការីរដ្ឋមន្ត្រី Kritenbrink បានលើកឡើងដោយសង្កត់ធ្ងន់លើអនុស្សារណយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងប្រទេសទាំងពីរ និងបានកោតសរសើរដល់កិច្ចខិតខំរួមគ្នារបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ផ្នែកអនុវត្តច្បាប់ មេធាវីប្រចាំតំបន់ Manhattan ក្រសួងវប្បធម៌កម្ពុជា និងស្ថានទូតអាមេរិក ដែលបាននាំដល់ការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណចំនួន ២៧រូបនេះ។
ជាមួយគ្នានេះ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសពីអំណោយថវិកាថ្មីមួយទៀតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ សម្រាប់គម្រោងជួសជុលប្រាសាទព្រះវិហារ។ លោកបានលើកឡើងថា “សហរដ្ឋអាមេរិកមានមោទនភាពចំពោះការរួមចំណែករបស់ខ្លួនដល់ការខិតខំក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា និងការខិតខំរួមគ្នារបស់ប្រទេសទាំងពីរក្នុងការបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញនូវវត្ថុបុរាណដែលមិនអាចកាត់ថ្លៃបានពីសហរដ្ឋអាមេរិក”។
ដោយឡេកលោស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ពិតជាមានកិត្តិយសចំពោះវត្តមានរបស់ លោក Daniel J, Kritenbrink ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាមួយនឹងយើងខ្ញុំនៅថ្ងៃនេះ ដើម្បីស្វាគមន៍នៃការប្រគល់ត្រឡប់មកកម្ពុជាវិញនូវសម្បត្តវប្បធម៌ខ្មែរចំនួន ២៧រូប។
លោកស្រីរដ្ឋមន្ត្រីវប្បធម៌ ក៏បានអគុណចំពោះការរួមចំណែករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទាំងពេលវេលា និងធនធាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរដោយខុសច្បាប់នូវសម្បត្តិវប្បធម៌ និងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ តាមរយៈជំនួយពីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ជាពិសេសជំនួយបន្ថែមទៀតសម្រាប់គម្រោងជួសជុលប្រាសាទព្រះវិហារ៕