កម្សាន្ត៖ ទម្រាំតែទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ Rihanna បានឆ្លងកាត់ភាពលំបាកជាច្រើន ដែលការចងចាំវ័យកុមារភាពរបស់នាងមិនមានភាពស្រស់បំព្រងដូចក្មេងឯទៀតឡើយ។ Rihanna ធ្លាប់បានផ្តល់បទសម្ភាសកាលពីអំឡុងឆ្នាំ២០១១ កន្លងទៅថា ឪពុករបស់នាងជាមនុស្សប្រមឹក ថែមទាំងប្រើប្រាស់ថ្នាំញៀនទៀតផង។ ហើយរៀងរាល់ថ្ងៃសុក្រ គឺជាថ្ងៃដែលគ្រប់គ្នាមានភាពភ័យខ្លាចជាងគេដោយសារឪពុករបស់នាងទៅផ្ទះជាមួយសភាពស្រវឹងជោកជាំ។
Rihanna បានឱ្យដឹងថា មិនខ្វល់ថាក្នុងផ្ទះគ្មានម្ហូបអាហារញ៉ាំ ឬយ៉ាងណានោះទេ ក៏ឪពុករបស់នាងតែងចំណាយប្រាក់ខែពាក់កណ្តាលលើថ្លៃស្រា ក្នុងផ្ទះពោរពេញដោយជម្លោះឥតល្ហែ។ នាងបានបន្ថែមទៀតថា កាលនៅក្មេងដោយសារចង់លេងទឹកសមុទ្រខ្លាំងពេក នាងក៏សុំការអនុញ្ញាតឪពុកនៅលេងបន្ត ១០នាទីបន្ថែម តែចុងក្រោយឪពុករបស់នាង បានទះនាងមួយកំផ្លៀងពេញទំហឹង បន្សល់ស្នាមម្រាមដៃលើមុខត្រលប់ទៅផ្ទះវិញ។
រំឭកទៅកាលអាយុ ៨-១០ឆ្នាំ Rihanna តែងឈឺក្បាលជាប់មិនដឹងមូលហេតុរហូតគ្រូពេទ្យបានសន្មតថា នាងប្រហែលមានជំងឺដុំសាច់ដុះក្នុងខួរក្បាល ប៉ុន្តែជាលទ្ធផលបែរជាមិនឃើញមានអ្វីទាំងអស់។ ចុងក្រោយនៅពេលដែលឪពុកម្តាយនាងលែងលះគ្នា អាការឈឺក្បាលប្រកាំងរបស់នាង ក៏បាត់ទៅវិញដោយឯកឯង។
ប្រវត្តិរបស់តារាស្រីរូបនេះ កាលពីក្មេងពិតជាកម្សត់ខ្លាំង ប៉ុន្តែរហូតដល់ធំពេញវ័យ នាងបានអភិវឌ្ឍខ្លួនឯងរហូតបានក្លាយជាតារាចម្រៀងដ៏ល្បីឈ្មោះ និងជាអ្នកជំនួញដ៏ប៉ិនប្រសប់ទៀតផង។ ហើយអ្វីដែលនាង បានខិតខំប្រឹងប្រែងដោយប្រើសមត្ថភាពរបស់ខ្លួនទាំងប៉ុន្មាន ទីបំផុតក៏ទទួលបានលទ្ធផលល្អប្រសើរជាប់ឈ្មោះជាសេដ្ឋិនីវ័យក្មេងដែលរកប្រាក់ចំណូលដោយខ្លួនឯងបានយ៉ាងច្រើនសន្ធឹក៕