១- ក្រែម និងផលិតផលជំនួយ
– សម្លាកថ្មីៗ៖ មានពណ៌ក្រហមហើមប៉ោង ដោយសាររលាក។ ក្រែម គ័រទីហ្សូន អាចជួយបន្ថយការរលាក និងធ្វើឱ្យស្ថានភាពស្បែកល្អវិញបាន។ គ្នាយើងអាចទិញក្រែម គ័រទីហ្សូន ដោយមិនចាំបាច់វេជ្ជបញ្ជា។
– សម្លាកក្រមៅ៖ ស្លាកស្នាមពណ៌ក្រមៅ ផលិតផលត្រូវប្រើ មានអាស៊ីដកូហ្ស៊ិច (Kojic acid) វីតាមីន C និងអាប៊ុយទីន (arbutin) ដើម្បីជួយបំបាត់ចំណុចក្រមៅលើមុខ។ គួរប្រយ័ត្នចំពោះការរើសផលិតផលមកប្រើ (លាប) ព្រោះសាច់មុខអាចមិនត្រូវ ពេលខ្លះវាអាចធ្វើឱ្យស្បែករោល ឬបង្កជាមហារីកបាន។
២- បាញ់កាំរស្មី និងចាក់ថ្នាំបន្តឹង
– បាញ់កាំរស្មី៖ សម្លាកមុនធ្ងន់ធ្ងរ គួរពិគ្រោះ និងព្យាបាលជាមួយពេទ្យសើស្បែក ដើម្បីស្វែងយល់ពីវិធី ឬជម្រើសព្យាបាល ដូចជា បាញ់កាំរស្មីឡាស៊ែរ។ គេបាញ់ដើម្បីបំបែកស្នាមលើមុខ ធ្វើឱ្យស្បែករលោង បង្កើនការផលិតជាតិខូលេជែន មកបំពេញសម្លាកមុនឱ្យជិតវិញ។
– ចាក់ថ្នាំបន្ដឹង ឬបំពេញ៖ សម្រាប់អ្នកមានសម្លាកមុនខូងជ្រៅៗ ត្រូវចាក់ថ្នាំបំពេញបន្តឹងស្បែក និងព្យាបាលឱ្យទៀងទាត់ ឬរៀងរាល់ ៤-៦ ខែម្តង ព្រោះស្បែកត្រូវការស្រូបជាតិថ្នាំចាក់ទៅបំពេញស្នាមជ្រៅៗ។
៣- របៀបបង្ការ និងបន្ថយឥទ្ធិពលមុន
– កុំប៉ះពន្លឺថ្ងៃ៖ កម្ដៅថ្ងៃធ្វើឱ្យស្នាមកាន់តែឡើងពណ៌ក្រមៅខ្លាំងឡើងៗ ព្រោះកាំរស្មីយូវី (UV) ក្នុងពន្លឺព្រះអាទិត្យ ភ្ញោចកោសិកាផលិតជាតិពណ៌ត្នោត បណ្តាលឱ្យមានការប្រែប្រួលសម្បុរស្បែកខុសធម្មតា។ ពន្លឺ និងកម្ដៅព្រះអាទិត្យក្ដៅខ្លាំង អាក្រក់បំផុតលើស្បែកចន្លោះពីម៉ោង ១០ ព្រឹកដល់ ២ រសៀល។
– កុំកេះសម្លាក៖ សម្លាកកើតដោយសារបាត់បង់ជាតិខូលេជែន កាន់តែកេះ កាន់តែធ្ងន់ធ្ងរ។ កេះ និងញេច មិនអាចជួយឱ្យស្លាកស្នាមប្រសើរឡើង ឬជាទេ អ៊ីចឹងកុំរពឹសដៃ សូម្បីប៉ះ ឬអង្អែល។ ញេចមុនធ្វើឲ្យខ្ទុះ និងបាក់តេរីចូលទៅកាន់តែជ្រៅក្នុងស្រទាប់ស្បែក បណ្តាលឱ្យមានការខូចខាតកាន់តែច្រើនឡើងៗ រហូតបង្កជាស្នាម។
– កុំប្រើវីតាមីន E លើសម្លាក៖ ផ្ទុយពីជំនឿដែលថាវីតាមីន E ជួយពន្លឿនល្បឿននៃការជាសះ តែតាមពិតវាវីតាមីននេះបែរជាពន្យឺតទៅវិញ ហើយថែមទាំងអាចធ្វើឱ្យស្បែករមាស់រោលទៀតផង៕
ប្រភព៖ Hellokrupet