ព្រះសីហនុ៖ នាវាដឹកផ្លែឈើមកពីប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសថៃ មានបញ្ហាម៉ាស៊ីនខូច និងដាច់ខ្សែយុថ្កា រសាត់អណ្តែតចូលក្នុងដែនសមុទ្រកម្ពុជា ខណៈមនុស្ស៤នាក់ត្រូវបានសង្គ្រោះ។ គិតមកដល់ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នាវានេះកំពុងជាប់នៅលើកោះតាង មិនទាន់យកចេញវិញបាននោះទេ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ មាននាវារសាត់មកបុកថ្មខាងលិចកោះតាង មានឈ្មោះ សេង កង ម៉ោង០៧:១០ព្រឹក កម្លាំងការពារកោះតាងលេខ៣ សហការជាមួយកម្លាំងនគរបាលព្រំដែនដែនទឹក និង កម្លាំងស្នាក់ការទីបញ្ជាការជួរមុខ អគ្គលេខាដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានចេញប្រតិបត្តិការរុករកក្រុមនាវិករបស់នាវា សេងកង ដែលពួកគេបានលោតចុះទឹកហែលឡើងលើកោះកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារបានប្រទះឃើញមនុស្សទាំងចំនួន៤នាក់ និងបានបញ្ជូនទៅទីបញ្ជាការការពារ កោះតាងលេខ៣។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នាវានោះឈ្មោះ សេង កង មានបណ្តោយប្រវែង ៥២ម៉ែត្រ ទទឹង៨ម៉ែត្រ ជម្រៅទឹក ៤,៥ម៉ែត មានកម្លាំងម៉ាស៊ីន ៥៤០សេស មានម៉ាស៊ីនរត់២ គ្រឿង និងម៉ាស៊ីនភ្លើង១គ្រឿង
ចំណែកមនុស្សលើនាវា៤ នាក់ មានឈ្មោះ CHENG CHANGBAO អាយុ ៤៤ឆ្នាំ ភេទប្រុស ជាជនជាតិចិន ជាអ្នកគ្រប់គ្រង និងជាអ្នកបើកបរនាវា WU KONGPING អាយុ៣៦ ឆ្នាំ ភេទប្រុស ជនជាតិចិន ជានាវិក
WANG SHENG PING អាយុ៣០ឆ្នាំ ជនជាតិចិន ជានាវិក
និង លីន ស៊ីម៉ី អាយុ ៤២ ឆ្នាំ ជនជាតិចិន ជានាវិក៕
អត្ថបទ៖ ប៉ៃ សុឃីម