នៅរាត្រីថ្ងៃសៅរ៍ ថ្ងៃទី 16 ខែកក្កដា ទាំងពិធិករ ទាំងទស្សនិកជនស្ទើរគ្រប់គ្នាក្នុងស្ទូឌីយោ CTN ទប់ទឹកភ្នែកមិនជាប់ឡើយ នៅពេលដែលបានដឹងស្ថានភាពជំងឺរបស់ម្ដាយរបស់ VJ Vit Vit ដែលបង្ខំឱ្យគាត់ត្រូវសម្រេចចិត្តដើរចេញពីកម្មវិធី Saturday Night LIVE ដែលគាត់ស្រឡាញ់ពេញបេះដូង។
បន្ទាប់ពីដឹងថាត្រូវបាត់បង់ដៃគូដ៏ប៉ិនប្រសប់ក្នុងកម្មវិធី Saturday Night LIVE បែបនេះ VJ Da Da មិនអាចទប់អារម្មណ៍បាន ហើយលោកក៏បញ្ជាក់ផងដែរថាការសម្រេចចិត្តរបស់ VJ Vit Vit ពិតជាត្រឹមត្រូវ ព្រោះម្ដាយរបស់គាត់កំពុងមានជំងឺបេះដូង ដែល VJ Vit Vit ក្នុងនាមជាកូន គឺត្រូវនៅក្បែរអ្នកមានគុណដើម្បីមើលថែទាំគាត់នៅពេលដែលគាត់ត្រូវការបំផុត។
ក្នុងឱកាសដ៏សោកសៅនេះ កញ្ញា អ៊ុង ច័ន្ទសោភា នាយិកាព័ត៌មាន តំណាងឱ្យថ្នាក់ដឹកនាំ CBS ក៏ដូចជាគ្រួសារ CBS ទាំងមូល បានជូនលិខិតជូនពរមួយសម្រាប់ VJ Vit Vit ហើយថ្នាក់ដឹកនាំ CBS បានប្ដេជ្ញាបន្តជួយគាំទ្រជាថវិការដល់គាត់ ប្រសិនបើត្រូវការដើម្បីព្យាបាលម្ដាយរបស់គាត់ ទោះបីជាគាត់លែងជាផ្នែកមួយរបស់ CBS ហើយនឹងបើកចំហរចំពោះការវិលត្រឡប់របស់ VJ Vit Vit នៅថ្ងៃណាមួយ។
កញ្ញា អ៊ុង ច័ន្ទសោភា បានបន្តទាំងអួលដើមក ថា CBS មិនត្រឹមតែជាកន្លែងការងារនោះទេ ប៉ុន្តែថែមទាំងជាគ្រួសារតែមួយ ដែលចេះជួយគ្នាទៅវិញទៅមក នៅពេលដែលបុគ្គលិកណាមួយជួបនូវទុក្ខលំបាកទាំងសាមីខ្លួនផ្ទាល់ និងសមាជិកគ្រួសាររបស់ពួកគាត់។
ចង់ដឹងថា តើពេលវេលាចុងក្រោយរបស់ Vj Vit Vit ជាមួយ Saturday Night LIVE បានធ្វើឱ្យគ្រប់គ្នាសោកស្ដាយប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោម៕
(តំណភ្ជាប់វីដេអូ)
https://www.facebook.com/ctntvcambodia/videos/1193922228052589