×

វីរុស Marburg សម្លា ប់​មនុស្ស​ពីរនាក់ ខណៈ​ប្រទេស​ហ្គាណា​បញ្ជាក់​ពី​ការផ្ទុះឡើងដំបូង

ហ្គាណា៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអាទិត្យ ក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសហ្គាណាបានបញ្ជាក់ពីករណីពីរដំបូងរបស់ខ្លួននៃមេរោគ Marburg ដែលឆ្លងខ្លាំង។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីអ្នកជំងឺពីរនាក់ដែលមិនពាក់ព័ន្ធមកពីតំបន់ Ashanti ភាគខាងត្បូងនៃប្រទេសហ្គាណា បានស្លាប់ ក្រោយមកបានធ្វើតេស្តវិជ្ជមានសម្រាប់វីរុស Marburg ។

WHO បាននិយាយថា អ្នកជំងឺបានបង្ហាញរោគសញ្ញារួមមាន រាគ ក្តៅខ្លួន និងក្អួតចង្អោរ ដោយបន្ថែមថា អ្នកពាក់ព័ន្ធជាង ៩០នាក់ កំពុងត្រូវបានត្រួតពិនិត្យ។ Marburg គឺជាជំងឺដែលឆ្លងខ្លាំង នៅក្នុងគ្រួសារតែមួយជាមួយនឹងជំងឺមេរោគ Ebola ដែលគេស្គាល់ច្បាស់ និងមានសមាមាត្រអ្នកស្លាប់រហូតដល់ 88% នេះបើយោងតាមអង្គការសុខភាពពិភពលោក។ វាអាចឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយវត្ថុរាវក្នុងរាងកាយរបស់មនុស្សដែលមានមេរោគ និងវត្ថុធាតុដែលកខ្វក់ជាមួយវត្ថុរាវទាំងនេះ។

អាជ្ញាធរហ្គាណាបានជំរុញឱ្យសាធារណជនហ្គាណា ជៀសវាងអណ្តូងរ៉ែ និងរូងភ្នំដែលពោរពេញដោយប្រចៀវ ហើយចម្អិនផលិតផលសាច់ទាំងអស់ឱ្យបានឆ្អិនល្អ មុនពេលទទួលទាន ដើម្បីជួយកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃមេរោគ។

ការផ្ទុះឡើងរបស់ហ្គាណា គឺជាលើកទីពីរនៅអាហ្វ្រិកខាងលិច បន្ទាប់ពីប្រទេសហ្គីណេ បានរកឃើញមេរោគនេះកាលពីឆ្នាំមុន។ អ្នកជំងឺ នៅហ្គីណេ ក៏បានស្លាប់ ដោយសារមេរោគនេះដែរ។

នៅតំបន់ផ្សេងទៀតនៃទ្វីបអាហ្រ្វិក ការផ្ទុះឡើងពីមុនត្រូវបានរាយការណ៍នៅប្រទេសអ៊ូហ្គង់ដា កេនយ៉ា អង់ហ្គោឡា អាហ្វ្រិកខាងត្បូង និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ការផ្ទុះឡើងនៃអង់ហ្គោឡា កាលពីឆ្នាំ២០០៥ គឺជាជំងឺដ៏សាហាវបំផុតដែលមានមនុស្សស្លាប់ច្រើនជាង ២០០ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង