ភ្នំពេញ៖ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានបញ្ជាក់ថា នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ រាជធានីភ្នំពេញ នឹងលែងខ្វះទឹកប្រើប្រាស់តទៅទៀតហើយ ពីព្រោះពេលនេះ ក្រុមការងារសាងសង់រោងចក្រផលិតទឹក បានពង្រីកបំពង់មេនាំទឹក ដែលដាក់បំពង់រហូតទៅដល់២ម៉ែត្រ ឆ្លងទៅបាតទន្លេសាប ហើយបាតទន្លេសាបនេះ គឺជាសំណង់ប្រវត្តិសាស្ត្រដែលមិនដែលមានទេ គឺដាក់បំពង់ក្រោមបាតទន្លេសាបតែម្តង។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងពន្លឿនការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៣៩០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានឱ្យដឹងថា ដំណើរការសាងសង់ជំហានទី១ សម្រេចបានប្រមាណជា៦៦ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញសេចក្តីត្រូវការនិងការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទំាងមូលឱ្យបានគ្រប់គ្រាន់។ លោកថា ជំហានទី១ អាចផលិតទឹកស្អាត បាន ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយជំហានទី២ អាចផលិតបាន ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
លោក ឡុង ណារ៉ូ បានបញ្ជាក់ថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន៧០ភាគរយ នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោល គឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឱ្យឡើងរហូតដល់ ១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងនៅឆ្នាំ២០៣០ អាចមានរហូតទៅដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ។
សូមជម្រាបថា រោងចក្រផលិតទឹកស្អាយបាក់ខែងនេះ បានបើកការដ្ឋានការដ្ឋានសាងសង់ កាលពីខែមករា ឆ្នាំ២០២០។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បង្ហាញសុទិដ្ឋិនិយមថា ចាប់ពីឆ្នាំ២០២៣តទៅ ខ្លួននឹងមានសមត្ថភាពផលិតទឹកស្អាតសរុប ១.០០០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីបិទបញ្ចប់នូវបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕