ភ្នំពេញ៖ តំបន់មួយចំនួននៅកម្ពុជា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ដោយសាររងឥទ្ធិពលកម្រិតសម្ពាធទាបខ្សោយ និងឥទ្ធិពលជ្រលងសម្ពាធទាប នៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ព្រមទាំងខ្យល់មូសុងនិរតីកម្រិតខ្យោយ ចាប់ពីថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕