តៃវ៉ាន់៖ មហាជនភាគច្រើនសុទ្ធតែបានដឹងហើយថា Ruby Lin បានរៀបការជាមួយនឹងតារាសម្តែងប្រុស Wallace Huo កាលពីឆ្នាំ២០១៦ ដោយអ្នកទាំង២ទទួលបានកូនស្រីម្នាក់អាយុ ៥ឆ្នាំផងដែរ។ យ៉ាងណាមិញ តារាស្រីរូបនេះរក្សាឯកជនភាពរបស់កូនស្រីនាងជាខ្លាំង ប៉ុន្តែកាលពីថ្ងៃទី២៦ ខែកក្កដា ម្សិលមិញនេះ Ruby បាននិយាយពីកូនស្រីនាងឱ្យដឹងថា គ្រាន់តែឃើញនាងកាត់សក់ខ្លី កូនស្រីតូចរបស់នាងមិនសុខចិត្តឡើយរហូតយំគគ្រូក ហើយទន្ទេញពាក្យថា “ម៉ាក់កាត់សក់…”។
កូនស្រីរបស់តារាស្រីរូបនេះធ្លាប់បានសុំឱ្យ Ruby ទុកសក់វែង ព្រោះនាងចូលចិត្តក្រងសក់ឱ្យ Ruby និងស្នើរសុំឱ្យស្លៀកសំពត់រាល់ពេលនៅផ្ទះទៀតផង មិនត្រឹមតែប៉ុណ្ណោះថែមទាំងចូលចិត្តយកគ្រឿងសម្អាងទៅផាត់ពេញមុខ Ruby និងលាបថ្នាំក្រចកជាដើម រហូតធ្វើឱ្យតារាស្រីវ័យ ៤៦ឆ្នាំរូបនេះលាន់មាត់ថា ហត់នឹងអង្គុយឱ្យព្រះនាងតូចរបស់នាងផាត់មុខផាត់មាត់ឱ្យបែបនេះណាស់។
គួរបញ្ជាក់ដែរថា បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍មកទល់ពេលនេះ Ruby និង Wallace ធ្លាប់លេចឮរឿងអាស្រូវប្រេះឆាគ្នារាប់មិនអស់ តែទោះជាយ៉ាងណាពាក្យទាំងប៉ុន្មាននេះបានរលត់ទៅដោយឯកឯងដោយមិនមានការបកស្រាយអ្វីច្រើនពីសមីខ្លួនឡើយ៕