
អឺរ៉ុប៖ ប្រទេសអាឡឺម៉ង់ ប៉ូឡូញ និងប្រជាជាតិដែនកោះម៉ាល់តាស្ថិតនៅក្នុងតំបន់សហគមន៍អឺរ៉ុប បានធ្វើការព្រមានប្រឆាំងនឹងផលិតផលមីកញ្ចប់ចំនួនពីរប្រភេទ ដែលមានរសជាតិការី និងរសជាតិសាច់មាន់ និងសរសៃរគុយទាវមួយប្រភេទទៀត ដែលនាំចូលពីប្រទេសវៀតណាម ដោយសារតែមិនបានបំពេញត្រឹមត្រូវតាមតម្រូវការសុវត្ថិភាពចំណីអាហាររបស់សហភាពអឺរ៉ុប ព្រោះផលិតផលទាំងនេះមានផ្ទុកនូវសារធាតុគីមីអេទីលេនអុកស៊ីដ (EO) ច្រើនលើសពីកម្រិតដែលអឺរ៉ុបអាចទទួលយកបាន។ ផលិតផលមួយចំនួន ផលិតដោយក្រុមហ៊ុន Asia Food Joint Stock Company ដែលមានទីតាំងនៅខេត្ត ប៊ីញ ឌឿង (Binh Duong) ភាគខាងត្បូងប្រទេសវៀតណាម។

ប្រជាជាតិដែនកោះម៉ាល់តា ក៏បានចេញការព្រមានចំពោះគុយទាវដែលមានយីហោរ ង្វៀន យ៉ា (Nguyen Gia) ដោយបញ្ជាឱ្យប្រមូលយកពីទីផ្សារមកវិញ ក៏ព្រោះតែផលិតផលទាំងអស់នេះ ត្រូវបានផលិតឡើងពីអង្ករកែច្នៃម្យ៉ាង ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។ ទន្ទឹមនឹងគ្នានេះដែរ ប្រទេសប៉ូឡូញក៏បានប្រគល់ផលិតផលមីកញ្ចប់សម្រាប់កុមារ ទៅកាន់ក្រុមហ៊ុន Vietnam Food Industries Joint Stock Company (Vifon)វិញ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងហូជីមិញ បន្ទាប់ពីបានចេញការព្រមានចំពោះគ្រោះថ្នាក់នៃផលិតផលទាំងនោះដល់សុខភាព។
នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក៏បានបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេ ដែលចំណីអាហាររបស់វៀតណាម ទទួលរងការព្រមានថាមានផ្ទុកសារធាតុគីមីប្រភេទ( EO) លើសកម្រិតនោះ។
កាលពីខែសីហា ឆ្នាំ ២០២១កន្លងទៅ បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបជាច្រើនដូចជា ប្រទេសស្វីស ន័រវែស និងចក្រភពអង់គ្លេស បានធ្វើការព្រមាន និងបញ្ជូនផលិតផលមីកញ្ចប់ទៅកាន់វៀតណាមវិញ ដោយសារតែរកឃើញថា មានផ្ទុកនូវសារធាតុគីមី (EO) ច្រើនពេក។
គួរបញ្ជាក់ថា សារធាតុគីមីអេទីលេនអុកស៊ីដ (EO) អាចបណ្តាលឱ្យ ឈឺក្បាល វិលមុខ ក្អួតចង្អោរ អស់កម្លាំង ឈឺក្រពះ រលាកពោះវៀន រលាកផ្លូវដង្ហើម (ក្នុងរយៈពេលខ្លី) រលាកភ្នែក ស្បែក ច្រមុះ បំពងក រលាកសួត ប៉ះពាល់ដល់ខួរក្បាល ខូចប្រព័ន្ធប្រសាទ បង្កឱ្យមានជម្ងឺមហារីក និងផលប៉ះពាល់ដល់ការបន្តពូជ (ក្នុងរយៈពេលវែង) បន្ថែមទៀត៕




ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Tuoi Tre News