×

ហ្វីលីពីន​រកឃើញ​ករណី​នាំចូល​ជំងឺ​អុតស្វា​ជាលើកដំបូង​របស់​ខ្លួន និង​កំពុង​តាមដាន​មនុស្ស ១០នាក់​ផ្សេង​ទៀត​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នកជម្ងឺ

ហ្វីលីពីន៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅរសៀលថ្ងៃសុក្រ ទី២៩ ខែកក្កដា នេះ ប្រទេសហ្វីលីពីនបានរកឃើញករណីឆ្លងជំងឺអុតស្វាដំបូងក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីរកឃើញ ពលរដ្ឋហ្វីលីពីនម្នាក់មានផ្ទុកជម្ងឺអុតស្វា ក្រោយពីបុរសរូបនេះវិលត្រឡប់មកពីបរទេសវិញ កាលពីដើមខែនេះ។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត Beverly Ho បានមានប្រសាសន៍ថា បុរសអាយុ ៣១ ឆ្នាំដែលផ្ទុកជម្ងឺអុតស្វានេះ បានជាសះស្បើយហើយ ប៉ុន្តែក៏ត្រូវបានដាក់ឱ្យស្ថិតនៅដាច់ដោយឡែកពីគេពីឯងផងដែរ ខណៈដែលមនុស្ស ១០ នាក់ផ្សេងទៀតជិតស្និទ្ធជាមួយនឹងអ្នកជម្ងឺ រួមមានទំាងសាច់ញាតិ ៣នាក់ផ្សេងទៀតរបស់អ្នកជំងឺ ត្រូវបានដាក់ចេញវេជ្ជបញ្ជាឱ្យពួកគេរស់នៅដាច់ដោយឡែកដូចគ្នា។

លោកស្រីវេជ្ជបណ្ឌិត Beverly Ho ដដែលបានគូសបញ្ជាក់បន្ថែមទៀតថា ប្រទេសហ្វីលីពីនរកឃើញករណីវិជ្ជមានជម្ងឺអុតស្វាក្នុងប្រទេសរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ខណៈអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកជម្ងឺមិនបានបង្ហាញរោគសញ្ញាណាមួយឡើយ។

គិតមកត្រឹមពេលបច្ចុប្បន្ននេះ អ្នកជម្ងឺជាង ២០, ០០០នាក់ហើយដែលឆ្លងជម្ងឺអុតស្វា នៅជាង ៧០ប្រទេសជុំវិញពិភពលោក ស្របពេលដែលអង្គការសុខភាពពិភពលោកបានប្រកាសដាក់ជម្ងឺនេះចូលទៅក្នុងភាពអាសន្នសុខភាពសកល៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ Reuters

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង