×

មន្ត្រី​នគរបាល​ឆ្មាំគុក​វៀតណាមម្នាក់ ចូលប្លន់​ហាងមាស​ក្នុង​ផ្សារ​ហើយបោះមាស​ចោល​នៅលើផ្លូវ ដោយស្រែកថា ទុក​សម្រាប់​ឱ្យ​អ្នកក្រ

វៀតណាម៖ បុរសម្នាក់ក្នុងឯកសណ្ឋានជាមន្ត្រីនគរបាល បានឆ្មក់ចូលប្លន់ហាងមាសពីរកន្លែង ស្ថិតនៅភាគកណ្តាលប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ (ទី៣១ ខែកក្កដា) រួចក៏បានគប់មាសដែលប្លន់បាននោះទៅលើដងផ្លូវ ក្រោយមកត្រូវបានគេកំណត់អត្តសញ្ញាណថាជាឆ្មាំគុក។

ឆ្មាំគុកខាងលើបានយកកាំភ្លើងប្រភេទ AK47 មួយដើមសំដៅទៅកាន់ហាងលក់មាស ស្ថិតនៅផ្សារដុងបា វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ ថ្ងៃអាទិត្យ ដោយបានគំរាមបុគ្គលិក និងបានបាញ់ទៅលើកញ្ចក់ដែលដាក់តាំងមាស។ យោងតាមសាក្សីហាង និងអ្នកផ្សារក្នុងហេតុការណ៍ខាងលើ បានអះអាងថា មន្ត្រីឆ្មាំគុកខាងលើ បានយកវត្ថុមានតម្លៃដែលប្លន់បានគ្រវែងចោលទៅលើដងផ្លូវដោយស្រែកថា មាសទាំងនេះសម្រាប់អ្នកក្រ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងប្រហែលជា ១០នាទី មុនបុរសបង្កហេតុខាងលើចាកចេញពីកន្លែងកើតហេតុខាងលើ និងបានបន្តកាន់កាំភ្លើងជាប់ខ្លួន។ ក្រោយពេលបុរសខាងលើនេះចាកចេញពីកន្លែងកើតហេតុ មនុស្សម្នាជាច្រើនប្រញាប់ទៅកន្លែងកើតហេតុដើម្បីប្រមូលយកមាស។ លុះដល់ម៉ោង២រសៀល ជនសង្ស័យបានទម្លាក់កាំភ្លើងនិងប្រគល់ខ្លួនឱ្យសមត្ថកិច្ច។ ស្របពេលជាមួយគ្នានោះដែរ សមត្ថកិច្ចស្នើសុំឱ្យអ្នកដែលបានប្រមូលមាសនោះយកមាសត្រឡប់មកវិញ ដោយសមត្ថកិច្ចកំពុងកំណត់អត្តសញ្ញាណអ្នកដែលប្រមូលយកមាស តាមរយៈខ្សែអាត់វីដេអូមួយដែលគេថតបានដោយសន្តិសុខផ្សារ និងកាម៉េរាសុវត្ថិភាពនៅតាមដងផ្លូវ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VN Express

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង