×

ខេត្តកោះកុង និងខេត្តព្រះសីហនុ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ក្នុង​សប្តាហ៍នេះ

ភ្នំពេញ៖ តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា នឹងបន្តរងនូវឥទ្ធិពលពីជ្រលង នៃប្រព័ន្ឋសម្ពាធទាប ( ITCZ ) ដែលកាត់លើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម និងបង្កឱ្យមានធ្លាក់ភ្លៀង និងឈានដល់មានជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តខ្លះ នៃខេត្តកោះកុង និងខេត្តព្រះសីហនុ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះក៏មានភ្លៀងធ្លាក់ច្រើន និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ដោយឡែកនៅថ្ងៃទី៦-៩ ខែសីហា ដោយសារឥទ្ធិពល ហ្វឺន បណ្តាខេត្ត និងរាជធានី នៅវាលទំនាបភាគខាងត្បូង ភ្លៀងអាចធ្លាក់ពីកម្រិតពីតិចទៅមធ្យម។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ។

ក្រសួងបានបញ្ជាក់ថា នៅចន្លោះពីថ្ងៃទី៦-៩ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ដែលជាហេតុធ្វើឱ្យខេត្តមួយចំនួន ក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ខណៈនៅលើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកខ្ពស់សមុទ្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង