បាត់ដំបង៖ វេទិកាអុំទូកដ៏ស្រស់ស្អាតមួយនឹងកើតឡើងនៅមុនពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបង តាមដងស្ទឹងសង្កែ ក្រុងបាត់ដំបង ដែលរហូតមកដល់នឹងថ្ងៃនេះ ការងារសាងសង់វេទិកានេះ សម្រេចបានប្រមាណជាង៦០%ហើយ ហើយបញ្ចប់នៅមុនពិធីបុណ្យចេញព្រះវស្សា ដែលរដ្ឋបាលខេត្តបានរៀបចំពិធីបុណ្យអុំទូក ជារៀងងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ លើកលែងតែក្នុងរយៈពេលនៃការផ្ទុះឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យពិធិបុណ្យអុំទូក ត្រូវបានបិទឲ្យមានដំណើរការ ក្រោមហេតុផល ដើម្បីទប់ស្កាត់ការផ្ទុះឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ទៀត ។
វេទិកាអុំទូកថ្មីនេះមានសមត្ថភាពអាចផ្ទុកមនុស្សបានចំនួន៤០០នាក់ គឺជាវេទិកាអុំទូក ដែលមានទំហំធំជាងវេទិកាចាស់ ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង ដោយមានការអនុញ្ញាតពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ផ្តល់ការសាងសង់វេទិកាអុំទូកថ្មីនេះ ដើម្បីឱ្យសាកសមទៅនឹងការអភិវឌ្ឍជឿនលឿនរបស់ប្រទេសជាតិ ពិសេសខេត្តបាត់ដំបង ដែលកំពុងមានការវិវឌ្ឍន៍រីកចម្រើន ទីតាំងវេទិកានេះនៅទល់មុខវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅក្បែរវេទិកាអុំទូកចាស់ ។
សូមបញ្ជាក់ថា ដោយសារទីតាំងវេទិកាអុំទូកចាស់ មានសភាពតូចចង្អៀត ទើបរដ្ឋបាលខេត្តបានការឯកភាពពីថ្នាក់ដឹកនាំ ក៏សម្រេចសាងសង់វេទិកាថ្មីនេះឡើង ដែលមានទំហំធំជាង និងស្អាតជាងវេទិកាចាស់ និងមានរៀបចំសោភ័ណភាពទីក្រុងឲ្យបានស្អាតបន្ថែមទៀត ដើម្បីឲ្យសមទៅនឹងទីក្រុងស្អាតថ្នាក់ជាតិនិងថ្នាក់តំបន់ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលឆ្លងកាត់មកលេងកម្សាន្តនៅខេត្តបាត់ដំបង មានការកើនឡើង ដែលបានផ្តល់ឱកាសការងារលើការបម្រើសេវាកម្មទេសចរណ៍ដល់ប្រជាពលរដ្ឋ ក្នុងការបង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ មានមុខរបរប្រចាំថ្ងៃផងដែរ ។ វេទិកាអុំទូកថ្មីនេះមានបណ្ដោយ៣៧ម៉ែត្រ ទទឹង១៨ម៉ែត្រនិងកម្ពស់១៨,៣៥ម៉ែត្រ រចនាបទឡើងតាមទម្រង់បែបវប្បធម៌របស់ខ្មែរសុទ្ធសាធ វេទិកាអុំទូកថ្មីនេះមានសមត្ថភាពអាចផ្ទុកមនុស្សបានប្រហែល៤០០នាក់ គឺអាចដាក់មនុស្សបានច្រើនជាងវេទិកាចាស់ទ្វេរគុណឯណោះ ។
តាមគម្រោងសាងសង់នេះ ត្រូវធ្វើឱ្យរួចជាស្ថាពរនៅមុនពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបង ដែលប្រព្រឹត្តិទៅនៅថ្ងៃចេញព្រះវស្សា ដែលរដ្ឋបាលខេត្តបាត់ដំបង តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ លើកលែងតែនៅក្នុងតំណាក់កាលនៃការផ្ទុះឆ្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ ដែលត្រូវធ្វើការផ្អាកមិនឱ្យមានការបើកឱ្យមានការប្រណាំងទូកនោះទេ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។ តាមរយៈនៃការស្ថាបនាវេទិកាអុំទូកថ្មីនេះត្រូវបានរដ្ឋបាលខេត្តបាត់ដំបង ក៏ដូចជាមហាជនទូទៅបានចាត់ទុកថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលខេត្តបាត់ដំបង សម្រេចបានកន្លងមកសម្រាប់បង្កភាពសប្បាយរីករាយដល់គ្រប់មជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋ ហើយក៏ជាការថែរក្សាប្រពៃណីរបស់ខេត្តបាត់ដំបងឱ្យតែដល់ថ្ងៃចេញព្រះវស្សាជារៀងរាល់ឆ្នាំគឺត្រូវតែមានការប្រណាំងទូកនៅតាមបណ្តោយដងស្ទឹងសង្កែ ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋផង និងដើម្បីជ្រើសរើសយកជើងឯក ដែលទទួលបានជ័យលាភីសម្រាប់យកទៅចូលរួមប្រកួតនៅឯរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែផងដែរ អ្វីដែលសំខាន់ជាងនេះទៀតនោះ ក៏ដើម្បីបង្កើនសោភ័ណភាពខេត្តបាត់ដំបងឲ្យកាន់តែមានភាពស្រស់បំព្រង ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនាកម្សាន្តខេត្តបាត់ដំបង កាន់តែច្រើនថែមទៀត ពិសេសរក្សាការពារពានរង្វាន់ទីក្រុងស្អាតផ្ការំដួល៣ទង របស់ក្រុងបាត់ដំបង ឱ្យបានស្ថិតស្ថេរគង់វង្សផងដែរ ៕
ដោយ៖ គួយ គឹមស៊ន