ភ្នំពេញ៖ ក្រុមក្មេងស្ទាវជាច្រើននាក់ ត្រូវបានគេសង្កេតឃើញប្រមូលផ្ដុំគ្នាជិះម៉ូតូជ្រេពេញផ្លូវ អូសជន្ទល់បែកផ្កាភ្លើង កំពុងបង្កភាពភ័យខ្លាចដល់អ្នកធ្វើដំណើរ នៅតាមបណ្ដោយផ្លូវក្នុងតំបន់បឹងកក់។ ករណីនេះប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌដូនពេញ ឱ្យមានវិធានការចំពោះក្រុមក្មេងស្ទាវទាំងនេះ។
ពាក់ព័ន្ធនឹងបញ្ហាអសន្តិសុខនេះ សមត្ថកិច្ចប៉ុស្តិ៍ស្រះចក នៃខណ្ឌដូនពេញ បានឱ្យដឹងថា កន្លងមកសមត្ថកិច្ចក៏ធ្លាប់បានធ្វើការឃាត់ក្មេងស្ទាវមួយក្រុមនៅចំណុចបឹងកក់រួចម្តងមកហើយ ដែលបានប្រមូលផ្ដុំគ្នាជិះម៉ូតូកែច្នៃស៊ីម៉ាំងបំពងសំឡេង ធ្វើឱ្យមានការរំខានដល់ប្រជាពលរដ្ឋ។ ក្នុងករណីនេះ សមត្ថកិច្ចទើបតែទទួលបានព័ត៌មាន ហើយនឹងជូនដំណឹងនេះទៅថ្នាក់លើ ដើម្បីមានវិធានការចំពោះក្មេងស្ទាវទាំងអស់នេះ បើពួកគេនៅបន្តសកម្មភាពបែបនេះទៀត៕
ដោយ៖ ឌីយ៉ាម៉ង់