×

ក្រសួងសាធារណការ បាន​ណែនាំ​ដល់​អ្នកបើកបរ​យានយន្ត ត្រូវមាន​ឯកសារ​ភ្ជាប់​តាមខ្លួន ក្នុង​នោះ បណ្ណបើកបរ​យានយន្ត តម្រូវ​ឱ្យប្រើប្រាស់​ឯកសារ​ច្បាប់ដើម

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្កេតឃើញថា មានប្រជាពលរដ្ឋមួយ ចំនួន ជាពិសេសអ្នកបើកបរយានយន្ត បានសំដែងមតិនៅតាមបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងឯកសារ ដែលត្រូវភ្ជាប់តាមខ្លួនពេលបើកបរយានយន្តធ្វើចរាចរណ៍នៅលើផ្លូវថ្នល់។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបប្រជាពលរដ្ឋទាំងអស់ថា ចាប់ពីឆ្នាំ២០១៧មក ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការកែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដោយបានបញ្ចូល QR Code លើឯកសារបណ្ណបើកបរយានយន្ត បណ្ណសម្គាល់យានជំនិះ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះ(ឆៀក) លិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីងាយស្រួលគ្រប់គ្រង។

ដូចនេះ ដើម្បីចូលរួមអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្រសួង សូមធ្វើការណែនាំដល់អ្នកបើកបរយានយន្តធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ត្រូវមានឯកសារភ្ជាប់តាមខ្លួន ដែលរួមមាន៖

១ បណ្ណបើកបរយានយន្ត តម្រូវឱ្យប្រើប្រាស់ឯកសារច្បាប់ដើម។

២ បណ្ណសម្គាល់យានជំនិះ អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។ ករណីបណ្ណសម្គាល់យានជំនិះ មិនមាន QR Code តម្រូវឱ្យមានការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ចលើច្បាប់ថតចម្លងនោះទើបអាចប្រើប្រាស់ជាផ្លូវការបាន។

៣ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។

៤ ចំពោះរថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ ឬអ្នកដំណើរ ត្រូវភ្ជាប់តាមខ្លួនបន្ថែមនូវលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។

ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់នឹង ចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង