×

កម្ពុជា នឹង​ទទួល​រងឥទ្ធិពល​ព្យុះទី៧ បណ្ដាល​ឱ្យ​មាន​ភ្លៀងធ្លាក់​លាយឡំ​ដោយ ផ្គរ រន្ទះ និង​ខ្យល់កន្ត្រាក់ ក្នុង​សប្ដាហ៍នេះ

ភ្នំពេញ៖ ក្រសួងធនធានទឹក បានប្រកាសឱ្យដឹងថា ចាប់ពីថ្ងៃទី១០-១៣ ខែសីហា កម្ពុជា នឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ, ឡាវ, វៀតណាម រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ ឈ្មោះ មូឡេន (MULAN) ដែលមានដំណើរឆ្ពោះទៅភាគខាងជើង នៃប្រទេសវៀតណាម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដែលបណ្ដាលឲ្យកម្ពុជា មានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះអាចភ្លៀងបង្គួរដោយអន្លើ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

នៅអំឡុងពេលនោះដែរ ខ្យល់មូសុងនិរតីបន្តបក់ខ្លាំង មកលើតំបន់មាត់សមុទ្រ។ បន្ទាប់ពីនោះកម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌូ និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះអាចភ្លៀងបង្គួរដោយអន្លើ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២៖ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ ºC នឹងអាចមានភ្លៀងនៅ ក្នុងកម្រិតពី តិចទៅទៅបង្ហូរលាយឡំទៅដោយ ផ្គររន្ទះនិងខ្យល់កន្ត្រាក់ ។

៣៖ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ។

ក្រសួង ក៏បានឱ្យដឹងបន្ថែមថា នៅចន្លោះថ្ងៃទី១០-១២ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ច្រើន ដែលជាហេតុធ្វើឲ្យផ្នែកមួយចំនួននៅ ក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។ នៅលើផ្ទៃសមុទអាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់ ។ បន្ទាប់ពីនោះភ្លៀងនឹងថមថយមកក្នុងកម្រិតពីតិចទៅមធ្យម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង