ភ្នំពេញ៖ ក្រសួងទេសចរណ៍ កំពុងជំរុញឱ្យមានជើងហោះហើរត្រង់ពីកោះត្រល់ (Phu Quoc) មកកាន់ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីជំរុញចលនាទេសចរទៅទស្សនាទឹកដីអង្គរ ពិសេសត្រៀមចាប់ផ្ដើមបើកឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា។
ក្រសួងទេសចរណ៍ នឹងស្នើសុំការសម្រេចពីរាជរដ្ឋាភិបាលលើការបើកឱ្យមានជើងហោះហើរត្រង់កោះត្រល់-ខេត្តសៀមរាប ព្រមទាំងសំណើចំនួន ៣ ផ្សេងទៀត។
ថ្លែងក្នុងកិច្ចប្រជុំអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍លើកទី១នៃគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា សំណើបង្កើតកញ្ចប់ទស្សនកិច្ចពិសេសសម្រាប់ខេត្តសៀមរាប ដែលគ្រោងស្នើទៅកាន់រាជរដ្ឋាភិបាលនោះ រួមមាន៖
១. បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass) ដោយអាចមានជាជម្រើសក្នុងការគិតគូរលក់ជាកញ្ចប់បណ្ណទស្សនា (Angkor Pass Package) ដែលអាចឱ្យទេសចរអន្តរជាតិទស្សនាតំបន់ប្រាសាទ ឬតំបន់ផ្សេងៗទៀតពេញមួយជីវិត ឬការលក់បណ្ណជាទម្រង់កញ្ចប់ទស្សនកិច្ចអាទិភាព ( Privileged Pass Package) ដែលអនុញ្ញាតឱ្យទេសចរអន្តរជាតិអាចមានសិទ្ធិអាទិភាពក្នុងការប្រើប្រាស់សេវាកម្មទេសចរណ៍និងចូលទស្សនារមណីដ្ឋានអង្គរពេញមួយជីវិត ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាច្រើនដង។
២ . ការដោះស្រាយថ្លៃសំបុត្រទូកទេសចរណ៍តំបន់ចុងឃ្នៀសសម្រាប់ទេសចរជាតិ។
៣. ការជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ (Phu Quoc) មកកាន់ខេត្តសៀមរាប។
៤. ការជំរុញប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រ តម្លៃ ទាប នៅកម្ពុជា។
សម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង៥០ម៉ឺននាក់ កើនទ្បើង ៣៩៤,១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះខេត្តសៀមរាប ទទួលបានទេសចរអន្តរជាតិចំនួន ៦០.៤៣៥នាក់៕