×

ទីបំផុត កម្មវិធី​ដកពិន្ទុ​បណ្ណបើកបរ នឹង​ដាក់​ឱ្យដំណើរការ​អនុវត្ត​សាកល្បង​នៅ​ទូទាំង​ប្រទេស​ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ និង​អនុវត្ត​ពេញលេញ​នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសឱ្យដឹងនៅថ្ងៃនេះថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលរៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដំណើរការអនុវត្ត សាកល្បងនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ ហើយនឹងដំណើរការអនុវត្តពេញលេញ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។

តាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការនេះ គឺយោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា៤៣ និងមាត្រា៤៤ និងអនុលោមតាមប្រកាសអន្តរក្រសួង លេខ ២៣១៣ ប្រក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ស្តីពីការពិន័យជាប្រាក់ចំពោះអំពើល្មើសនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងប្រកាសអន្តរក្រសួងលេខ១៧៦ ប្រក.សក.ដជក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពី នីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ។

ជាមួយគ្នានេះ ការអនុវត្តនេះ ក៏ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា ក៏ដូចជាការបង្កលក្ខណៈងាយស្រួលំជូនប្រជាពលរដ្ឋក្នុងការបង់ប្រាក់ពិន័យអំពើល្មើសំច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងធានាតម្លាភាពក្នុងការពិន័យអន្តរការណ៍ចំពោះអំពើ ល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

បើតាមគណៈកម្មាធិការ បានបញ្ជាក់ថា ការដកពិន្ទុបណ្ណបើកបរ និងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្តដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ។ ដូចនេះ សូមអ្នកបើកបរ យានយន្តគ្រប់រូបយកតាមខ្លួននូវបណ្ណបើកបរយានយន្ត(ច្បាប់ដើម) ដើម្បីផ្ដល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និង អនុវត្តការដកពិន្ទុ ក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សង្ឃឹម និងជឿជាក់លើការចូល រួមអនុវត្តសេចក្តីជូនដំណឹងនេះ ពីសំណាក់អ្នកបើកបរយានយន្តគ្រប់រូប៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង