×

ស្ថានភាព​កម្ពស់ទឹក​អូរព្រំដែន កម្ពុជា-ថៃ ហក់ទ្បើង​ជាលំដាប់ ខណៈ​អាជ្ញាធរ​ក្រុងប៉ោយប៉ែត​ត្រៀម​ជម្លៀស​ពលរដ្ឋ​ទៅ​រកទីទួល​មាន​សុវត្ថិភាព​ក្នុង​ករណីចាំបាច់

អត្ថបទ៖ ជា ថន

បន្ទាយមានជ័យ៖ ស្ថានភាពកម្ពស់ទឹកអូរនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃតំបន់ព្រំដែនកម្ពុជា-ថៃ កំពុងហក់ឡើងជាលំដាប់ ដោយសារមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ខណៈដែលអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បាន និងកំពុងត្រៀមជម្លៀសប្រជាពលរដ្ឋនៅតាមមាត់អូរទៅរកទីទួលសុវត្ថិភាពក្នុងករណីចាំបាច់។

អាជ្ញាធរក្រុងប៉ោយប៉ែត សហការជាមួយនគរបាលការពារព្រំដែនគោកលេខ ៨៩១ នៅព្រឹកថ្ងៃទី ១៦ខែសីហានេះ បានចុះពិនិត្យស្ថានភាពទឹកតាមបណ្តោយអូរព្រំដែន កម្ពុជា-ថៃនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមជម្លៀសពលរដ្ឋមករកទីទួលសុវត្ថិភាពដែលបានរៀបចំចំនួនបួនកន្លែង។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការឡើងពេញប្រៀបនៃទឹកអូរព្រំដែននេះ កំពុងមានសន្ទុះឡើង ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយអាជ្ញាធរក៏ត្រៀមលក្ខណៈអន្តរាគមន៍បង្ការ និងជម្លៀសពលរដ្ឋរស់នៅតាមមាត់អូរព្រំដែនមកកាន់ទីទួលសុវត្ថិភាពដែលបានរៀបចំរួចជាស្រេចក្នុងករណីចាំបាច់។

លោកបានបញ្ជាក់ថា ពេលនេះទឹកក្នុងអូរព្រំដែននៃតំបន់ខ្លះទឹកពេញប្រៀបអូរ និងកន្លែងខ្លះនៅកន្លះម៉ែត្រទៀតបានពេញដល់មាត់អូរ។ ដោយឡែកតំបន់ទំនាប់ខ្លះទៀតនៃក្រុងប៉ោយប៉ែត បានជនលិចដោយជំនន់ទឹកភ្លៀងមានការលិចលង់ធ្ងន់ធ្ងរដល់លំនៅដ្ឋានពលរដ្ឋ។

លោកបន្តថា ចំពោះទឹកអូរព្រំដែនមិនទាន់បានហូរជនលិចលំនៅដ្ឋានប្រជាពលរដ្ឋដែលភូមិសាស្រ្កជាប់អូរនៅឡើយ។ តែទោះជាយ៉ាងណាក្នុងនាមអាជ្ញាធរ និងសមត្ថកិច្ច បានត្រៀមជានិច្ចក្នុងកិច្ចអន្តរាគមន៍ជួយពួកគាត់មកទីទួលសុវត្ថិភាពដែលបានរៀបចំរួចចំនួនបួនកន្លែង។

ជាមួយគ្នានោះលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក៍បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមបណ្តោយមាត់អូរព្រំដែនសូមមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាព ជាពិសេសចំពោះកុមារតូចៗ និងសត្វអសិរពិសដែលអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង