
សៀមរាប៖ សាច់សត្វឆ្កែ ដែលមានទម្ងន់ ៧០០គីឡូក្រាម ដែលគេដឹកតាមរថយន្តកូរ៉េមួយគ្រឿង ចេញពីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ ត្រូវបានកម្លាំងជំនាញនៃមន្ទីរកសិកម្មខេត្តស្ទាក់ចាប់បាន នៅចំណុចលើផ្លូវជាតិលេខ៦ ក្នុងស្រុកប្រាសាទបាគង កាលពីវេលាម៉ោង ១៖៣០នាទី ឆ្លងចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលលទទួលបាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

មន្ត្រីជំនាញបានឱ្យដឹងថា រថយន្តដឹកសាច់សុនខនេះ បានដឹកចេញពីខេត្តបន្ទាយមានជ័យ យកទៅចែកចាយឱ្យម៉ូយនៅខេត្តកំពង់ធំ តែដល់ចំណុចខាងលើក៏ត្រូវបានកម្លាំងជំនាញនៃមន្ទីរកសិកម្មខេត្តធ្វើការបង្ក្រាប និងបានចាប់ខ្លួនអ្នកបើកបរ និងដកហូតសាច់សុខនទម្ងន់ ៧០០គីឡូក្រាម យកទៅរក្សាទុកនៅមន្ទីរកសិកម្មខេត្ត ដើម្បីដុតកម្ទេចចោល។
សូមបញ្ជាក់ថា ការធ្វើអាជីវកម្មលក់-ទិញ ពិឃាតសត្វសុនខ(ឆ្កែ) ដើម្បីធ្វើម្ហូបអាហារ កំពុងមានការកើនឡើង ខណៈការដើរទាក់ លក់ ទិញ និងពិឃាតសត្វឆ្កែ ត្រូវបានចាត់ទុកថា ផ្ទុយនឹងខ្លឹមសារនៃច្បាប់ស្តីពី សុខភាពសត្វនិងផលិតកម្មសត្វ ដែលត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ធ្លាប់បានចេញសេចក្ដីជូនដំណឹងស្ដីពី ការហាមឃាត់ ការធ្វើអាជីវកម្មទិញ លក់ និងពិឃាតសត្វសុនខគ្រប់ប្រភេទ៕

