
អាមេរិក៖ នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី១៧ ខែសីហា ម្សិលមិញនេះ តារាសម្តែងហូលីវូដដ៏ល្បី Angelina Jolie បានបញ្ជាក់ឱ្យដឹងថា ពេលនេះនាងកំពុងដឹកនាំថតខ្សែភាពយន្តថ្មីមួយទៀតមានចំណងជើងថា Without Blood ដែលក្នុងការងារមួយនេះ នាងក៏បានជួលកូនប្រុសចិញ្ចឹម ២នាក់របស់នាងគឺ Maddox និង Pax Thien ឱ្យជួយធ្វើការក្នុងនាមជាជំនួយការអ្នកដឹកនាំរឿង។

ទោះជាយ៉ាងណា នេះមិនមែនជាលើកដំបូងដែលកូនប្រុសចិញ្ចឹមទាំង២របស់ Jolie បានក្លាយជាសមាជិកក្នុងការងារថតខ្សែភាពយន្តរបស់នាងឡើយ ពោលអ្នកទាំង២ក៏ធ្លាប់ជាផ្នែកមួយនៃសមាជិកក្រុមការងាររបស់ Jolie ថតខ្សែភាពយន្ត “First They Killed My Father” កាលពីឆ្នាំ២០១៧ ផងដែរ។ មកទល់ពេលនេះ Pax Thien មិនទាន់មានគម្រោងចង់បន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅឡើយបន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យកាលពីឆ្នាំមុន។
ចំណែកឯ Maddox កំពុងបន្តការសិក្សានៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េនៃមហាវិទ្យាល័យ Yonsei ដែល Jolie ជាអ្នកជូនទៅដល់សាលាដោយផ្ទាល់ផងដែរ៕

