
ថៃ៖ ដំណឹងចែកផ្លូវគ្នារបស់តារាសម្តែងល្បីឈ្មោះ Prang Kannarun និង Tong Twopeeកំពុងធ្វើឱ្យមហាជនជាច្រើននាំគ្នាសោកស្តាយជំនួសអ្នកទាំង២ដែលបានសាងស្នេហាជាមួយគ្នារយៈពេល ១០ឆ្នាំ ហើយក៏ធ្លាប់ចែកផ្លូវគ្នាម្តងរួចមកដែរ ប៉ុន្តែក៏ត្រលប់មកត្រូវរ៉ូវគ្នាសាជាថ្មីរហូត Tong បានសុំ Prang រៀបការកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។

ទោះជាយ៉ាងណា ទំនាក់ទំនងរបស់អ្នកទាំង២ក៏ចាប់ផ្តើមមានភាពរកាំរកូសបន្ទាប់ពី Tong សុំ Prang រៀបការនៅកន្លះឆ្នាំក្រោយ។ ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នាហើយដោយសារមានហេតុផលជាច្រើនដែលមិនសក្តិសមនឹងបង្កើតគ្រួសាររួមគ្នាបាន បើទោះជានៅមានចិត្តស្រលាញ់គ្នាក៏ដោយ។
អ្នកទាំង២បានបញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តចែកផ្លូវគ្នាឱ្យដឹងថា សម្រាប់ Prang ត្រូវក្រោកពីព្រឹកដើម្បីទៅធ្វើការ ចំណែកឯពេលវេលាសម្រាប់គ្នាដែលអ្នកទាំង២មានក៏មិនត្រូវគ្នាទៀត ដូចនេះការចំណាយពេលបង្កើនភាពស្និទ្ធស្នាលនឹងគ្នាក៏កាន់តែតិចទៅៗត្បិតអ្នកទាំង២មានភាពមមាញឹករៀងខ្លួន បូករួមនឹងហេតុផលជាច្រើនទៀតគួបផ្សំ ដូចនេះវាមិនអាចនឹងបង្កើតគ្រួសារដែលចុះសម្រុងគ្នាបានឡើយ។
ទោះជាយ៉ាងណា Prang និង Tong បានបញ្ជាក់ថា ការបញ្ចប់ទំនាក់ទំនងមួយនេះគឺជាការសម្រេចចិត្តបញ្ចប់វាដោយសន្តិវិធីទាំងសងខាង មិនមានអ្នកណាខុស អ្នកណាត្រូវ រិតតែមិនមែនដោយសារបញ្ហានរណាម្នាក់មានជនទី៣ឡើយ ប៉ុន្តែដោយសារបញ្ហាជាច្រើនដែលមិនអាចបន្តទៅមុខទៀតបាន៕
