អាមេរិក៖ ថ្មីៗនេះ គ្រួសាររបស់អតីតកីឡាករបាល់ទាត់ David Beckham បាននាំគ្នាទៅធ្វើវិស្សមកាលនៅរដ្ឋ Florida សហរដ្ឋអាមេរិកដោយតាមរូបភាពឃើញកូនប្រុសទី២របស់អ្នកទាំង២ Romeo អង្គុយក្បែរជជែកគ្នាជាមួយអ្នកទាំង២ ខណៈពេលដែលកូនស្រីពៅ Harper កំពុងជិះម៉ូតូទឹកយ៉ាងសប្បាយរីករាយ។
ទោះជាយ៉ាងណា សកម្មភាពរបស់ Harper មួយនេះអាចធ្វើឱ្យប្តីប្រពន្ធគ្រួសារត្រកូល Beckham ទាំង២ប្រឈមនឹងការផាកពិន័យ ឬបើធ្ងន់ធ្ងរអាចជាប់ពន្ធនាគារ១ឆ្នាំដោយសារបំពានច្បាប់ប្រទេសអនុញ្ញាតឱ្យក្មេងអាយុក្រោម១៤ឆ្នាំជិះម៉ូតូទឹក។
យោងតាមសារព័ត៌មាន Daily Mail បានបញ្ជាក់ឱ្យដឹងថា ម៉ូតូទឹកដែល Harper ជិះក្រោយមកក៏ក្រឡាប់ដែលបានធ្វើឱ្យឪពុកម្តាយនាងមានការបារម្ភជាខ្លាំង។ ទោះជាយ៉ាងណា នេះមិនមែនជាលើកទី១ឡើយដែល Harper បានជិះម៉ូតូទឹក ដោយកាលពីអំឡុងខែកក្កដា កន្លងទៅនាងក៏ធ្លាប់ធ្វើបែបនេះផងដែរ។
ហើយបើទោះជាឧប្បត្តិហេតុមួយនេះមិនបានជួបគ្រោះថ្នាក់ធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែសម្រាប់ឪពុកម្តាយនាងអាចនឹងមានបញ្ហាធ្ងន់ធ្ងរចំពោះមុខច្បាប់។ គួរបញ្ជាក់ដែរថា ស្ថានភាពរបស់គ្រួសារ Beckham ពេលនេះក្រៅពីត្រូវមើលថែកូនៗហើយ ក្រលេកទៅមើលក្រុមហ៊ុនច្នៃម៉ូតសម្លៀកបំពាក់របស់ Victoria វិញបានក្ស័យធន និងកំពុងប្រឈមនឹងបំណុលរហូតដល់ជាង ៦០លានដុល្លារអាមេរិកផងដែរ៕