
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសឱ្យដឹងថា ចាប់ពីថ្ងៃទី២៤-៣០ ខែសីហា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា ពី ៣៣-៣៥ °C នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ ទន្ទឹមនោះផ្នែកខ្លះ ក៏អាចមានភ្លៀងជាបង្ហូរផងដែរ។

ក្រសួងបន្តថា តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា ពី ២២-២៤°C និងសីតុណ្ហភាពអតិបរមា ពី ៣១-៣៤°C នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គររន្ទះ។ ទន្ទឹមនោះផ្នែកខ្លះក៏អាចមានភ្លៀង ជាបង្គួរផងដែរ។
ចំណែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គររន្ទះ៕
