
ភ្នំពេញ៖ ជារឿងដ៏គួរឱ្យសោកស្តាយនៃការបាត់បង់តារាសម្តែងជើងចាស់លោក រិទ្ធ សារី ដែលបានទទួលមរណភាពហើយបន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់មួយរយៈចុងក្រោយនេះ។ ជារឿយៗ មិត្តអ្នករួមសិល្បៈជើងចាស់ដូចគ្នាគឺលោក ជា សំនៀង តែងចែករំលែកពីស្ថានភាពជំងឺរបស់លោកតា រិទ្ធ សារី ដែលបានធ្លាក់ខ្លួនឈឺ និងខ្វះខាតថវិកាព្យាបាលជំងឺដើម្បីអំពាវនាវដល់សប្បុរសជនដែលមានទឹកចិត្តជួយជាថវិកាខ្លះដល់លោកសម្រាប់ទិញថ្នាំប្រើប្រាស់ប្រចាំថ្ងៃ។
យ៉ាងណាមិញ មកដល់យប់ថ្ងៃទី២៤ ខែសីហា លោក ជា សំនៀង ដែលធ្លាប់តែប្រកាសឱ្យសប្បុរសជនជួយដល់លោកតា រិទ្ធ សារី បានប្រែក្លាយមកជាដំណឹងដ៏សោកសៅវិញដោយលោកបានទទួលមរណភាពកាលពីយប់មិញហើយ។ គួរបញ្ជាក់ដែរថា លោក រិទ្ធ សារី គឺជាអតីតតារាសម្តែងជើងចាស់មួយរូបកាលពីសង្គមដែលមានប្រជាប្រិយភាពខ្លាំង ក្រោយមកដោយវ័យកាន់តែច្រើន និងមានជំងឺយាយីផងនោះបានធ្វើឱ្យលោកត្រលប់ទៅស្រុកកំណើតនៅខេត្តបាត់ដំបងវិញ និងរស់នៅជាមួយគ្រួសាររហូតដល់ដង្ហើមចុងក្រោយ៕
