
ភ្នំពេញ៖ រឿងឈុតតំណាងក្រុងប៉ោយប៉ែត និងក្រុងបាវិត ដែលគ្រប់គ្នាកំពុងនាំគ្នាជជែកបែកផ្សែងដោយសារយកឈុតល្បែងស៊ីសងនៅកាស៊ីណូមកធ្វើជាឈុតតំណាងឱ្យក្រុងរបស់ខ្លួនកំពុងរងការរិះគន់មិនសំចៃមាត់ពីគ្រប់មជ្ឈដ្ឋាន។

ក្រៅពីមហាជនបាននាំគ្នារិះគន់យ៉ាងចាស់ដៃហើយ ក្នុងនោះក៏មានសិល្បករជាច្រើនបានមានប្រតិកម្មមិនពេញចិត្តចំពោះការបង្ហាញឈុតតំណាងខេត្ត/ក្រុងខុសទំនងរបស់បវរកញ្ញាតំណាងឱ្យក្រុងប៉ោយប៉ែត និងក្រុងបាវិតផងដែរ។

ផ្ទុយទៅវិញ ងាកទៅមើលអតីតបវរកញ្ញា លីវ ជីលី វិញបានបង្ហាញចំណាប់អារម្មណ៍ខុសពីគេបែបនេះថា “ចូលឆ្នាំចិន សែនសឹងពេញប្រទេស ផ្ទះមួយៗលេងតែបៀ ផឹកតែស្រា គ្រាន់ឈុតចឹងសោះ អាណិតអ្នកធ្វើឈុត។ បងហា៎ លើកក្រោយកុំឱ្យគេជេរចឹងទៀត”។

គ្រាន់តែផុសមិនបានប៉ុន្មានផង អ្នកនិយមលេងបណ្តាញសង្គមជាច្រើននាំគ្នា Comments រិះគន់ លីវ ជីលី យ៉ាងចាស់ដៃរហូតមិនបានប៉ុន្មាននាទីផងនាងក៏បានលុបចោលភ្លាម។ ក្រោយមក ក៏បានលេចផុសថ្មីមួយទៀតដោយសរសេរថា៖
“នាងខ្ញុំជីលី សូមទោសបងប្អូនដែលអេតមីននាងខ្ញុំបានផុសពាក្យមិនសមរម្យ ឥលូវនាងខ្ញុំបានលុបរួចរាល់ហើយ សូមទោសណាបងប្អូនដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍បងប្អូន។ បន្ថែមនៅក្នុង Comment ជីលី បានរៀបរាប់បន្តថា៖ អេដមីនក្នុងហ្វេសបុកនាងខ្ញុំមាន ៣នាក់ នាងខ្ញុំក៏បានលុបចោលការសរសេរចេញមានការខុសឆ្គង សូមការខុសឆ្គងរាល់កំហុសរបស់អេតមីននាងខ្ញុំ សូមនៅតែបន្តការគាំទ្រដល់រូបនាងខ្ញុំ ស្រលាញ់បងប្អូនទាំងអស់គ្នា”។
គួរបញ្ជាក់ដែរថា បើទោះជាមានការបកស្រាយថាខ្លួនមិនមែនជាអ្នកផុសយ៉ាងណាក៏ដោយ ក៏មហាជននៅតែនាំគ្នារិះគន់មិនសំចៃមាត់ ដោយនាំគ្នានិយាយថា នាងនិយាយយករួចខ្លួនមិនព្រមទទួលស្គាល់កំហុសដែលខ្លួនបានធ្វើ៕




