
ថៃ៖ អ្នកចាត់ការរបស់តារាសម្តែង និងជាផលិតករ Ann Thongprasom គឺជាមនុស្សម្នាក់ដែល Ann ចាត់ទុក និងរាប់អានបំផុត ប៉ុន្តែទីបញ្ចប់បែរក្លាយក្បត់នាងដោយលួចលុយទៅបាត់ស្ងាត់ៗជាង ៥សែនដុល្លាររហូតធ្វើឱ្យគ្រប់គ្នាហួសចិត្តជាខ្លាំង។

Ann ធ្លាប់បង្ហាញអារម្មណ៍ឈឺចាប់ខណៈពេលផ្តល់បទសម្ភាសន៍ដោយមិននឹកស្មានថា មនុស្សដែលខ្លួនទុកចិត្ត និងស្រលាញ់បែរលួចចាក់នាងពីក្រោយខ្នងបែបនេះឡើយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យនាងកាន់តែសោកសៅនោះគឺ សូម្បីតែចិញ្ចៀនភ្ជាប់ពាក្យរបស់នាងជាមួយ Tinphan ក៏ត្រូវបានអ្នកចាត់ការរូបនោះលួចទៅគ្មានសល់ដែរ។
គួរបញ្ជាក់ដែរថា Ann គឺជាតារាសម្តែងជើងចាស់មួយរូបដែលសិល្បករមិនថាជំនាន់មុន ឬ ជំនាន់ក្រោយគោរពស្រលាញ់រាប់អានជាខ្លាំង សូម្បីតែអ្នកចាត់ការក៏នាងទុកដូចបងប្អូនដែរ ប៉ុន្តែទីបំផុតបានត្រឹមខកបំណងដោយសិល្បករជាច្រើននាំគ្នាចូលរួមសោកស្តាយនូវទឹកចិត្តរបស់នាងដែលបានផ្តល់ឱ្យអ្នកចាត់ការរូបនោះផងដែរ៕
