
កម្សាន្ត៖ MTV VMAs 2022 (MTV Video Music Awards) Lisa បានវ៉ាដាច់តារាឯទៀតដោយជាប់បានពានរង្វាន់ជាតារា K-Pop ល្អបំផុតចំពោះបទចម្រៀងទោលរបស់នាង LALISA ដែលកើនចំនួនអ្នកចូលទស្សនាបានរហូតដល់ ១០០លានដងបានយ៉ាងងាយ។ សម្រាប់ពានរង្វាន់ឆ្នាំនេះ ត្រូវបានធ្លាក់លើ Lisa ដោយសូម្បីក្រុមតារាល្បីៗដូចជា ITZY, SEVENTEEN, Stray Kids, TWICE និងជាពិសេសសូម្បីក្រុមតារាចម្រៀងប្រុស BTS ក៏មិនអាចយកឈ្នះតារាស្រីរូបនេះបានដែរ។

បទចម្រៀងរបស់តារាស្រីរូបនេះបានផ្ទុះនៅលើ iTune ឆ្ពោះទៅកាន់ចំណាត់ថ្នាក់លេខ១ ដែលមានអ្នកប្រើប្រាស់រហូតដល់ជាង ៦០ប្រទេស។ ជាមួយនឹងភាពជោគជ័យបន្ទាប់ពីចូលប្រលូកក្នុងវិស័យសិល្បៈប៉ុន្មានឆ្នាំមកនេះ Lisa ក៏មិនភ្លេចអរគុណចំពោះផលិតករ Teddy ក៏ដូចជាអ្នកគាំទ្រ និងសមាជិកក្រុមរបស់នាងដែរដែលបានកំដរ និងគាំទ្រកន្លងមក។
គួរបញ្ជាក់ដែរថា ប្រជាប្រិយភាពរបស់តារាស្រីរូបនេះមានភាពលេចធ្លោមិនធម្មតាឡើយ ជាហេតុនាំឱ្យម៉ាកយីហោផលិតផលល្បីៗនៅលើសាកលលោកជាច្រើនជ្រើសរើសនាងឱ្យក្លាយជាទូតសុឆន្ទៈដើម្បីផ្សព្វផ្សាយផលិតផលរបស់ពួកគេ ហើយជាក់ស្តែងឥទ្ធិពលរបស់ Lisa ពិតជាមិនធ្វើឱ្យក្រុមហ៊ុនអស់សង្ឃឹមឡើយដោយរបស់គ្រប់យ៉ាងដែល Lisa ប្រើប្រាស់ត្រូវបានអ្នកគាំទ្រដណ្តើមគ្នាទិញរហូតត្រូវលក់អស់ពីស្តុកភ្លាមៗ៕


