
ភ្នំពេញ៖ ក្រសួងចំនួន ៣គឺ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន នឹងជួបប្រជុំជាមួយក្រុមហ៊ុន មហាហង្ស នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពិនិត្យលើកម្មវិធីប្រកួតបវរកញ្ញាឯកកម្ពុជា (Miss Grand Cambodia 2022) ដែលរងនូវការរិះគន់យ៉ាងខ្លាំងពីមហាជន។

កិច្ចប្រជុំនេះដឹកនាំដោយ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ដោយមានការចូលរួមពីខាងក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងភាគីក្រុមហ៊ុន មហាហង្ស ដែលជាអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាឯកកម្ពុជា ដែលរងការិះគន់យ៉ាងខ្លាំងមកនេះ។ ការប្រជុំនេះបន្ទាប់ពីមានការណែនាំពីសម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានស្ពានអាកាស ព្រះមុនីវង្ស និងស្ពានអាកាសសម្តេច គង់ សំអុល នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

សូមបញ្ជាក់ថា ក្រុមហ៊ុន មហាហង្ស បានប្រព្រឹត្តិកំហុសផ្ទួនៗគ្នា ដូចជាការឱ្យបេក្ខជនកញ្ញាឯកសម្តែងជាឈុតឆាកផ្សព្វផ្សាយប្បែងកាស៊ីណូតំណាងឲ្យក្រុងបាវិត និងក្រុងប៉ោយប៉ែត និងការស្លៀកពាក់ស៊ិចស៊ីជ្រុលហួសហេតុ របស់បេក្ខនារីតំណាងឲ្យខេត្តស្ទឹងត្រែង មើលទៅមិនមសរម្យជានារីខ្មែរ ដែលមានប្រពៃណីវប្បធម៌ទន់ភ្លន់ ធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជន និងអ្នកលេងបណ្តាញព័ត៌មានសង្គមថា កម្មវិធី Miss Grand Cambodia 2022 កំពុងតែបំផ្លាញប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។

ពាក់ព័ន្ធនឹងករណីនេះ លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានចេញលិខិតសុំទោសមហាជនជាសាធារណៈ រួចម្តងហើយ និងបានសម្រេចកាត់ឈុតដែលទទួលរងនូវការរិះគន់នោះចោល និងបានសម្ដែងការសោកស្ដាយនូវកំហុសឆ្គងដោយអចេតនានោះ និងបានសន្យាធ្វើការកែតម្រូវឲ្យបានល្អប្រសើរឡើងវិញ។ ប៉ុន្តែក្រោយពីសុំទោសជាសាធារណៈរួចមក ក្រុមហ៊ុននេះនៅតែបានបង្កើតកំហុសឆ្គង់ម្តងហើយម្តងទៀត ដែលបញ្ជាក់ពីភាពកំសោយរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនមួយនេះ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបេក្ខនារីដែលចូលរួមសម្តែងក្នុងការប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2022 ថា គ្មានកំហុសទេ ព្រោះពួកគេសម្តែង និងស្លៀកពាក់ទៅតាមអ្នករៀបចំបានកំណត់ឱ្យ បើពួកគេមិនធ្វើតាមអ្នករៀបចំគឺ មិនត្រូវស្តង់ដារប្រកួតប្រជែង ប៉ុន្តែអ្នកដែលខុសនោះគឺ អ្នកដឹកនាំកម្មវិធី៕




