×

មាន​ជំងឺ​លើសសម្ពាធ​ឈាម គួរធ្វើម៉េចខ្លះ​ទើប​មិនគ្រោះថ្នាក់​ធ្ងន់ធ្ងរ?

លើសសម្ពាធឈាម ជាជំងឺធ្ងន់ធ្ងរមួយដែលអាចបង្កើនហានិភ័យ នៃជំងឺបេះដូង សរសៃឈាម ខួរក្បាល តម្រងនោម និងជំងឺដទៃទៀត នេះបើតាមអង្គការសុខភាពពិភពលោក (WHO)។ ចំពោះអ្នកដែលមានជំងឺលើសសម្ពាធឈាម គួរធ្វើតាមការណែនាំខាងក្រោមនេះ ទើបមិនគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។

១. ពិនិត្យសម្ពាធឈាមឱ្យបានញឹកញាប់
អ្នកមានជំងឺលើសឈាមត្រូវវាស់សម្ពាធឈាមដោយខ្លួនឯងឱ្យបានញឹកញាប់ តែមុននឹងវាស់ត្រូវសម្រាក ៤-៥នាទី ចៀសវាងការវាស់សម្ពាធឈាមពេលមានអារម្មណ៍មិនស្រួល ធុញថប់ជាដើម។
២. ញ៉ាំថ្នាំបញ្ចុះសម្ពាធឈាមរាល់ថ្ងៃ
លើសសម្ពាធឈាមជាជំងឺរ៉ាំរ៉ៃដែលទាមទារឱ្យប្រើថ្នាំមួយជីវិត ហើយអ្នកជំងឺត្រូវលេបថ្នាំបញ្ចុះឈាមរាល់ថ្ងៃតាមវេជ្ជបញ្ជា ទោះបីសម្ពាធឈាមយើងវាស់ទៅឃើញធម្មតាក៏ដោយ។
៣. បញ្ចុះទម្ងន់បើលើស
ឧស្សាហ៍ថ្លឹងគីឡូមើល៍ បើសិនសង្កេតឃើញគីឡូឡើងលើសនោះ ត្រូវប្រញាប់បញ្ចុះទម្ងន់ និងញ៉ាំអាហារសុខភាព ដូចជាអាហារសម្បូរកាកសរសៃច្រើន មានបន្លែផ្លែឈើ ញ៉ាំអាហារដែលមានជាតិខ្លាញ់តិច កាត់បន្ថយចំណីអាហារ និងភេសជ្ជៈមានកាឡូរីខ្ពស់។
៤. កាត់បន្ថយការញ៉ាំប្រៃ
អាហារប្រៃបង្កើនហានិភ័យដល់សម្ពាធឈាម ដូច្នេះទាំងអ្នកដែលមានជំងឺលើសសម្ពាធឈាម ឬមិនមានក៏ដោយ ត្រូវកាត់បន្ថយអំបិលក្នុងការចម្អិនអាហារ មិនត្រូវញ៉ាំប្រៃខ្លាំងនោះទេ។ ក្នុង១ថ្ងៃ អង្គការសុខភាពពិភពលោក ណែនាំឱ្យញ៉ាំអំបិលត្រឹមតែ ៥ក្រាម ឬ ១ស្លាបព្រាកាហ្វេប៉ុណ្ណោះ។
៥. បញ្ឈប់ការជក់បារី-កាត់បន្ថយគ្រឿងស្រវឹង
ការផ្លាស់ប្តូររបៀបរស់នៅជារឿងសំខាន់ ក្នុងនោះការឈប់ជក់បារី អាចការពារជំងឺបេះដូង សរសៃឈាម និងជំងឺផ្សេងៗជាច្រើនទៀត។ ចំណែកការផឹកគ្រឿងស្រវឹងជាប្រចាំ ឬច្រើនលើសកម្រិត អាចធ្វើឱ្យសម្ពាធឈាមអ្នកជំងឺកើនខ្ពស់ និងធ្វើឱ្យប្រសិទ្ធភាពថ្នាំបញ្ចុះសម្ពាធឈាមថយចុះ។
៦. ហាត់ប្រាណឱ្យទៀងទាត់ និងត្រូវកាត់បន្ថយស្ត្រេស
យើងគួរហាត់ប្រាណយ៉ាងតិច ៣០នាទី/ថ្ងៃ ដូចជា ដើរ រត់ ជិះកង់ ឬធ្វើសកម្មភាពកីឡាផ្សេងទៀត និងត្រូវកាត់បន្ថយស្ត្រេស ហើយគេងឱ្យបានគ្រប់គ្រាន់ ទើបរាងកាយរឹងមាំ អាចការពារផលប៉ះពាល់ដល់បេះដូង និងសរសៃឈាម។ បន្ថែមពីនោះអ្នកជំងឺលើសសម្ពាធឈាមត្រូវតាមដានសុខភាពតាមការណាត់ជួបជាមួយគ្រូពេទ្យឱ្យបានជាប់លាប់៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង