×

ស្ថាប័នជំនាញ អនុញ្ញាតឱ្យ​នាំចូល និង​ចែកចាយ​ឡើងវិញ​នូវ​ផលិតផល​ម្សៅលាបទារក និងកុមារ ដែល​ត្រូវបាន​ផ្អាកបណ្តោះអាសន្ន​កន្លងមក

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) នៃក្រសួង ពាណិជ្ជកម្ម បានឱ្យបានដឹងថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក.ប.ប បានជូនដំណឹង និងដាក់ចេញនូវវិធានការការផ្អាកជាបណ្តោះអាសន្ន ការនាំចូល និងចែកចាយផលិតផលម្សៅលាបទារក និងកុមារចំនួន ១២លេខកូដ នៅក្នុងទីផ្សារកម្ពុជា ក្រោយមានការសង្ស័យថា មានវត្តមានសារធាតុអាសបេស្តុស(Asbestos) ដែលនាំឱ្យកើតជំងឺធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ ពិសេសជំងឺមហារីក។

ក.ប.ប បានបញ្ជាក់ថា វិធានការនេះ គ្រាន់តែជាវិធានការបង្ការជាមុន ដោយហេតុថា សារធាតុអាសបេសដែលអាចមាននៅក្នុងម្សៅតាល់ស៍ (Talcum Powder) គឺជាសារធាតុគ្រោះថ្នាក់ និងជាការព្រួយបារម្ភសកល ដែលចាំបាច់តម្រូវឱ្យមានភស្តុតាងវិទ្យាសាស្ត្របញ្ជាក់ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។

បន្ទាប់ពីបានបន្តការពិនិត្យ និងវិភាគយ៉ាងល្អិតល្អន់លើគំរូផលិតផល ក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយដៃគូអភិវឌ្ឍន៍នៃប្រទេសអូស្ត្រាលី អគ្គនាយកដ្ឋាន ក.ប ប ប្រកាសអនុញ្ញាតឱ្យក្រុមហ៊ុនអាចនាំចូល និងចែកចាយឡើងវិញ នូវផលិតផលម្សៅលាបសម្រាប់ទារក និងកុមារទាំង១២លេខកូដ ដែលបានកំណត់អត្តសញ្ញាណក្នុងតារាងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង