
ហុងកុង៖ កាលពីឆ្នាំ២០២០ Benjamin Yuen បានកាន់ដៃតារាស្រី Bowie Cheung ចូលព្រះវិហារដើម្បីប្រារព្ធពិធីមង្គលការរបស់ពួកគេដែលកាលណោះតារាប្រុសរូបនេះទទួលបានមតិវាយប្រហារយ៉ាងខ្លាំងត្បិតគ្រួសារខាងស្រីមានទ្រព្យសម្បត្តិមហាសាលជាហេតុធ្វើឱ្យតារាប្រុសវ័យ ៤១ឆ្នាំរូបនេះរងពាក្យជាន់ពន្លិចថា រស់ដោយសារទ្រព្យសម្បត្តិខាងប្រពន្ធ។

បន្ទាប់ពីរៀបការហើយ ប្តីប្រពន្ធមួយគូនេះបានទិញ Apartment ដ៏ប្រណីតដែលមានតម្លៃរហូតដល់ ៦៦លានដុល្លារហុងកុងឯណោះ ប៉ុន្តែទីបំផុតបែរជារងមតិជាច្រើនលើកឡើងថា ប្រសិនគ្មានវត្តមានរបស់ Bowie ទេនោះសមត្ថភាពរបស់លោកប្រាកដជាមិនអាចរស់នៅផ្ទះតម្លៃរាប់សិបលានដុល្លារបែបនេះឡើយ។
គួរបញ្ជាក់ដែរថា បើទោះជាធ្វើការបកស្រាយយ៉ាងណាក៏ដោយក៏នៅតែមានមតិរិះគន់មិនឈប់ឈរដដែល ជាហេតុធ្វើឱ្យតារាប្រុសរូបនេះរក្សាភាពស្ងៀមស្ងាត់ លែងខ្វល់ខ្វាយនឹងពាក្យរិះគន់ទាំងនោះទៀតបន្ទាប់ពីកន្លងទៅអស់រយៈពេល ២ឆ្នាំមកនេះ៕

