
កូរ៉េខាងត្បូង៖ រយៈពេលថ្មីៗនេះ រូបថតរបស់ V ជាមួយ Jennie ត្រូវបានចែកចាយជាបន្តបន្ទាប់នៅលើបណ្តាញសង្គមដែលធ្វើឱ្យរឿងមួយនេះក្លាយជាប្រធានបទដ៏ក្តៅគគុកដែលអ្នកគាំទ្រកំពុងតាមដាន។ បញ្ហាមួយនេះមិនទាន់បានដោះស្រាយផង រូបថតរបស់សមាជិកក្រុម BLACKPINK ៣រូបទៀតក៏ត្រូវបានចែកចាយដែលធ្វើឱ្យមហាជនមួយចំនួនសង្ស័យថា ទូរសព្ទរបស់តារាល្បីក្នុងវិស័យ K-pop នេះត្រូវបានក្រុម Hacker លួចចូលយកទិន្នន័យដោយយករូបភាពផ្ទាល់ខ្លួនរបស់ពួកគេមកចែកចាយនៅលើបណ្តាញសង្គម។

ដោយសារបញ្ហានេះកំពុងក្លាយជាប្រធានបទក្តៅដែលគ្រប់គ្នានាំគ្នាជជែកវែកញែក ថ្មីៗនេះមានមេធាវីល្បីឈ្មោះម្នាក់បានបញ្ចេញមតិថា យោងតាមច្បាប់បណ្តាញសារព័ត៌មាន និងទំនាក់ទំនង ចំពោះជនណាដែលចែកចាយរូបភាពឯកជនអ្នកដទៃដោយចេតនានឹងត្រូវជាប់ទោសចាប់ពី ៧ឆ្នាំកន្លះឡើង និងពិន័យជាប្រាក់ជាង ៥ម៉ឺនដុល្លារអាមេរិក។ ប្រសិនជា Hacker ធ្វើការគំរាមដោយត្រូវដោះដូរជាប្រាក់ជាមួយជនរងគ្រោះវិញនឹងត្រូវជាប់ពន្ធនាគារ ១០ឆ្នាំ និងពិន័យជាប្រាក់ជាង ១ម៉ឺនដុល្លារអាមេរិក។
ទោះជាយ៉ាងណា បើក្រលេកមើលពីផលិតកម្មល្បីឈ្មោះទាំង ២ហាក់មានភាពស្ងប់ស្ងាត់មិនបានបញ្ចេញសកម្មភាពអ្វីទាំងអស់ចំពោះរូបភាពរបស់ V និង Jennie ដែលត្រូវបានចែកចាយកន្លងមក។ ដោយមិនសុខចិត្តជំនួសតារាក្នុងដួងចិត្តពួកគេ អ្នកគាំទ្រជាច្រើននាំគ្នាផ្ញើម៊ែលទៅក្រុមហ៊ុនដើម្បីស្នើឱ្យផលិតកម្មទាំង២ចេញនិយាយពីបញ្ហានេះ និងចាត់វិធានការដើម្បីគោរពឯកជនភាពរបស់ V និង Jennie ក៏ដូចជាសមាជិកក្រុម BLACKPINK ទាំង៣ទៀតផងដែរ៕



