
ជប៉ុន៖ ដោយសារតែធ្លាប់ធ្វើការនៅក្រុមហ៊ុនបោះពុម្ពមួយកន្លែង និងត្រូវបានគេសើចចំអកថា មិនឃើញធ្វើការងារអ្វីទាំងអស់ Shoji Morimoto ដែលមានវ័យ ៣៨ឆ្នាំក៏ចាប់ផ្តើមឆ្ងល់ថាតើនឹងមានអ្វីកើតឡើងប្រសិនបើលោកប្រើប្រាស់សមត្ថភាពរបស់ខ្លួនមិនធ្វើអ្វីសោះ ផ្តល់ជាសេវាកម្មដល់អតិថិជន?

តាមរយៈការផ្តល់បទសម្ភាសជាមួយ Reuters បុរសរូបនេះបានប្រាប់ឱ្យដឹងថា លោកបានចាប់ផ្តើមការងារមួយដែលមិនធ្វើអ្វីសោះសម្រាប់ភ្ញៀវណាដែលបានជួលលោកឱ្យកំដរចេញក្រៅដែលវាមិនមែនជាការងារពាក់ព័ន្ធនឹងសេវាផ្លូវភេទអ្វីឡើយ ពោលគឺជាការងារកំដរមនុស្សឯកាដែលអ្នកខ្លះបានជួលលោកឱ្យទៅសួនកម្សាន្តដើម្បីជិះទោងលេង។

ខ្លះទៀតក៏បានជួលលោកឱ្យឡើងជិះរថភ្លើង និងស្រែកលេង ក៏ដូចជាបោយដៃលាអ្នកដំណើរដែលបានចុះដល់គោលដៅ និងកំដរភ្ញៀវអង្គុយផឹកតែញ៉ាំនំនៅតាមហាងជាដើម ដោយក្នុងមួយម៉ោងលោកគិតតម្លៃ ៧១ដុល្លារអាមេរិក។ Morimoto បានឱ្យដឹងបន្ថែមថា មុនពេលវិបត្តិកូវីដផ្ទុះឡើង ក្នុងមួយថ្ងៃលោកមានភ្ញៀវចន្លោះពី៣-៤នាក់ ប៉ុន្តែពេលនេះមានភ្ញៀវចន្លោះពី ២-៣នាក់ក្នុងមួយថ្ងៃ។
រយៈពេល ៤ឆ្នាំមុនលោកបានជួបភ្ញៀវចំនួន ៤ពាន់លើកមកហើយ ដែលភាគច្រើនជាភ្ញៀវដែលធ្លាប់បានជួលលោករួចហើយ ហើយក្នុងចំណោមភ្ញៀវទាំងនោះ មានម្នាក់បានជួលលោករហូតដល់ ២៧០ដងឯណោះ។ Morimoto បានបញ្ជាក់ថា ការងារដែលលោកបានធ្វើរាល់ថ្ងៃនេះគឺជាប្រភពចំណូលដែលលោកអាចចិញ្ចឹមប្រពន្ធកូនលោកបានដោយមិនខ្វះខាតផងដែរ៕



