
កំពត៖ ភ្លេងខ្មែរ សិល្បៈល្ខោនបាកសាក់ និងល្ខោនយីកេ នៅក្នុងខេត្តកំពត មានដើមកំណើតចេញពីស្រុកឈូក។ បច្ចុប្បន្ន ទោះជាប្រទេសជាតិ ក៏ដូចជាខត្តកំពត មានការីកចម្រើនក៏ដោយ ក៏អ្នកសិល្បៈក្នុងស្រុកឈូកនៅតែបន្តរក្សាអាជីពជាអ្នកភ្លេង ជាអ្នកសម្តែងសិល្បៈបន្តទៅទៀត ព្រោះពួកគាត់យល់ឃើញថា សិល្បៈទាំងនេះ ជាមរតកដ៏មានតម្លៃសម្រាប់ពួកគាត់ និងតំណាងឱ្យជាតិសាសន៍ខ្មែរទាំងមូល។

ក្រុមយុវជនរស់នៅឃុំត្រមែង ស្រុកឈូក ខេត្តកំពត បានឱ្យដឹងថា អ្នកភូមិពួកគាត់ភាគច្រើនស្រឡាញ់ចូលចិត្ត សិល្បៈភ្លេងខ្មែរ ល្ខោនបាសាក់ និងល្ខោនយីកេ ហើយបច្ចុប្បន្នបានចាប់យកអាជីពជាអ្នកភ្លេង និងអ្នកសម្តែង។ ទោះជីវភាពរស់នៅមិនមានភាពហ៊ឺហា ឬមានបានដូចគេ ប៉ុន្តែពួកគាត់សប្បាយចិត្ត ព្រោះយល់ឃើញថា សិល្បៈភ្លេងខ្មែរ ល្ខោនបាសាក់ និងល្ខោនយីកេ ជាមរតករបស់ដូនតាខ្លួន។ ម្យ៉ាងទៀតសិល្បៈទាំងនេះ ជាផ្នែកមួយ នៃដួងប្រលឹង និងអត្តសញ្ញាណរបស់ជាតិខ្មែរ។

លោក ហ៊ុន វៃ គ្រូបង្រៀនភ្លេងខ្មែរ ល្ខោនបាសាក់ និងល្ខោនយីកេបុរាណ ក្នុងក្រុម “សិល្បៈមហាជនភូមិអង្គឃ្លៃ ឃុំត្រមែង ស្រុកឈូក” បានឱ្យដឹងថា លោកជាអ្នកបណ្តុះបណ្តាល ហើយក៏ជាអ្នកលេង និងសម្តែងជាតួក្នុងវង់សិល្បៈផងដែរ។ រយៈពេលកន្លងមកនេះ ក្រុមរបស់លោកទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋនៅក្នុងខេត្ត និងទូទាំងប្រទេស រហូតទទួលបានពានរង្វាន់ជាច្រើនក្នុងកម្មវិធីការប្រកួតជើងឯកថ្នាក់ជាតិ។ លោកសន្យាថា នឹងជួយបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយបន្តទៀត ពោលគឺ មិនឱ្យកេរ្តិ៍ដំណែលសិល្បៈដូនតាបាត់បង់នោះទេ។ បច្ចុប្បន្នលោកបានបន្តផលិតឧបករណ៍ភ្លេងខ្មែរ មានដូចជា ទ្រ ស្គរដៃ ឃឹម តាខេ លក់ដើម្បីរកកម្រៃបន្ថែមក្នុងរដូវសម្រាករយៈពេលបីខែគឺ ចាប់ពីខែកក្តដា ដល់ ខែតុលា។

ជាមួយគ្នានេះដែរ លោក អ៊ួន សំបូរ អនុប្រធានការិយាល័យសិល្បៈ ទស្សនីយភាព នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពត បានឱ្យដឹងថា វង់ភ្លេងមង្គលការ ឬភ្លេងប្រពៃណី វង់ល្ខោនបានសាក់ និងល្ខោនយីកេ ក្នុងខេត្តកំពត មានដើមកំណើតចេញពីស្រុកឈូក។ បច្ចុប្បន្នខេត្តកំពត មានក្រុមភ្លេងប្រពៃណីសរុបទូទាំងខេត្តចំនួន ៨១ក្រុម ក្នុងនោះស្រុកឈូក ១៤ក្រុម និងក្រុមយីកេបំបែកខ្លួនបានពីរក្រុមនៅស្រុកឈូក ហើយអាចសម្លែងជាល្ខោនបាសាក់បានតាមតម្រូវការកម្មវិធី។ ពាក់ព័ន្ធនឹងការជួយជ្រុំជ្រែង ក៏ដូចជាចូលរួមអភិរក្សលើវិស័យនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពត បានគាំទ្រ និងចូលរួមជួយទាំងកម្លាំងចិត្ត និងការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម ប្រសិនក្រុមភ្លេងប្រពៃណី វង់ល្ខោនបាសាក់ និងល្ខោនយីកេ ត្រូវការឱ្យមន្ទីរជួយ។
ទាំងអាជ្ញាធរ មន្ទីរជំនាញ ក៏ដូចជាអ្នកប្រកបអាជីពជាអ្នកសម្តែងល្ខោនបាសាក់ ល្ខោនយីកេ បានសំណូមពរដល់ ប្រជាពលរដ្ឋទូទាំងប្រទេសជួយបន្តគាំទ្រ និងលើកទឹកចិត្តដល់អ្នកសំដែង ក៏ដូចជាក្រុមសិល្បៈទាំងអស់ទូទាំងប្រទេស ដើម្បីឱ្យមានទឹកចិត្តក្នុងការសំដែង ក៏ដូចជាអភិរក្សនូវកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរបន្តទៀត៕


អត្ថបទ៖ វង្ស សុធារម្យ