
ចិន៖ Jackson Wang កំពុងទទួលបានសន្ទុះប្រជាប្រិយភាពខ្លាំងទាំងក្នុង និងក្រៅប្រទេសដែលក្រៅពីសមត្ថភាព និងរូបរាងដ៏ស្រស់សង្ហាហើយ នៅមានចំណុចពិសេសមួយដែលធ្វើឱ្យតារាចម្រៀងរូបនេះឆក់យកបេះដួងអ្នកគាំទ្រឱ្យគោរពស្រលាញ់លោកខ្លាំងនោះគឺ អត្តចរិតមិនឆ្មើងឆ្មៃ ភាពគួរសម និងការយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួនដោយមិនប្រកាន់ថាពួកគេជាអ្នកណាឡើយ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Jackson បាន Live នៅលើ TikTok ជាលើកដំបូងដើម្បីជជែកលេងជាមួយអ្នកគាំទ្រ ដែលខណៈពេលនោះអ្នកគាំទ្រជាច្រើនបាននាំគ្នាសម្រុកផ្ញើកាក់ឱ្យលោកជាបន្តបន្ទាប់ ប៉ុន្តែលោកមិនដឹងថានោះជាអ្វីឡើយដូចនេះលោកក៏បានសួរថានោះជាអ្វី? ក្រោយមកក៏មានអ្នកគាំទ្រម្នាក់ពន្យល់ថា នោះគឺជាកាក់ដែលអ្នកគាំទ្រផ្ញើឱ្យដែលយើងនឹងទទួលបាននោះគឺប្រាក់។
គ្រាន់តែឃើញការពន្យល់បែបនោះភ្លាម Jackson បានលាន់មាត់ថា៖ “អូហ៍ អត់ទេ” ក្រោយមកលោកក៏បិទ Live វិញមួយរំពេច។ គួរបញ្ជាក់ផងដែរថា តារាប្រុសវ័យ ២៨ឆ្នាំរូបនេះមិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាផលិតករ អ្នកច្នៃម៉ូត អ្នកដឹកនាំថតបទចម្រៀង ថែមទាំងជាម្ចាស់ក្រុមហ៊ុនច្នៃម៉ូតទៀតផង៕
