
ភ្នំពេញ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់រថយន្តឈ្នួលនានា សូមកុំដំឡើងថ្លៃ ក្នុងឱកាសដែលប្រជាពលរដ្ឋ ធ្វើដំណើរទៅមកស្រុកកំណើត នារដូវបុណ្យភ្ជុំបិណ្ឌ។ នេះបើយោងតាមសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋ ទៅកាន់ស្រុកកំណើតដោយមិនយកលុយ នៅថ្ងៃបុណ្យភ្ជុំខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំអំពាវនាវចំពោះរថយន្តឈ្នួលទាំងឡាយ សុំកុំឲ្យដំឡើងថ្លៃ នៅក្នុងរយៈពេលនៃការធ្វើបុណ្យ ដើម្បីប្រជាជន មានលទ្ធភាពក្នុងការធ្វើដំណើរ។ សូមឲ្យសាលារាជធានីភ្នំពេញ ពិនិត្យលទ្ធភាពក្នុងការផ្តល់មធ្យោបាយដឹកជញ្ជូន នៅថ្ងៃភ្ជុំបិណ្ឌ បញ្ចេញរថយន្តទៅតាមបណ្តាខេត្ត ដូចដែលយើងបានធ្វើនៅមុនកូវីដ១៩បានមកដល់ ដើម្បីកាត់បន្ថយនូវការដំឡើងថ្លៃ របស់រថយន្តឈ្នួលទាំងឡាយ។ សាលារាជធានីភ្នំពេញ មានលទ្ធភាពនឹងធ្វើបែបនេះ ដើម្បីជួយដល់កម្មករ កម្មការិនី ជួយដល់ប្រជាពលរដ្ឋដែលចង់ធ្វើដំណើរ ទៅតាមមូលដ្ឋាននានា ចៀសវាងបាននូវការដំឡើងថ្លៃ របស់ម្ចាស់រថយន្តឈ្នួល ឬតាក់ស៊ី។”
តាមរយៈសារសំឡេង សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការពេញចិត្ត ចំពោះជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ១៩ តាមរយៈនយោបាយស្រោចវ៉ាក់សាំង ដែលធ្វើឲ្យកម្ពុជា អាចដំណើរការសង្គម សេដ្ឋកិច្ចបានពេញលេញលើគ្រប់វិស័យ។ ជាក់ស្តែង ជោគជ័យនេះ អនុញ្ញាតឲ្យប្រជាពលរដ្ឋអាចជួបជុំ ធ្វើបុណ្យទានបានដូចធម្មតាឡើងវិញ ពិសេសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅពេលនេះ ខណៈប្រជាពលរដ្ឋ ព្រះសង្ឃ អ្នកលក់ដូរ អ្នកដឹកជញ្ជូនជាដើម បង្ហាញនូវទឹកមុខញញឹមរីករាយ ដោយសារអាចធ្វើបុណ្យដោយសប្បាយចិត្ត លក់ដូរដាច់ក្នុងឱកាសបុណ្យទាន។
ទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវ ចំពោះព្រះសង្ឃតាមទីវត្តអារាមនានា និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តន៍នូវវិធានការសុខាភិបាល “៣ការពារ ៣កុំ” និងត្រូវយកចិត្តទុកដាក់លើការការពារ កុំឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
សូមបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ កម្មករនិយោជិតទាំងអស់ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ដោយមានប្រាក់ឈ្នួល រយៈពេល៣ថ្ងៃ គឺថ្ងៃទី ២៤, ២៥ និង ២៦ ខែកញ្ញា ឆ្នាំ២០២២៕


