×

សម្ដេចតេជោ ហ៊ុន សែន បាន​លើកឡើង​ពី​មូលហេតុចំនួនពីរ​ដែល​លុបចោល​ពិធីបុណ្យអុំទូក​ឆ្នាំ២០២២

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកឡើងពីមូលហេតុចំនួនពីរដែលជាមូលហេតុធំចម្បងធ្វើឲ្យឆ្នាំ២០២២នេះ ត្រូវលុបចោលពិធីបុណ្យអុំទូក មិនអាចប្រារព្ធនោះទេ ហើយក៏ផ្ទុយពីការលើកឡើងរបស់ក្រុមអ្នកវិភាគមួយចំនួនផងដែរ។ នេះជាការថ្លែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “កាលពីសប្តាហ៍កន្លងទៅនេះ ខ្ញុំព្រះករុណាខ្ញុំ បានសម្រេចនៅក្នុងប្រជុំគណៈរដ្ឋមន្ត្រីថា ឆ្នាំនេះយើងមិនធ្វើពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុកថ្នាក់ជាតិនៅទីក្រុងភ្នំពេញនោះទេ ប៉ុន្តែអនុញ្ញាតឲ្យបងប្អូនជនរួមជាតិ ជាពិសេសនៅតាមមូលដ្ឋានខេត្តនានា អាចរៀបចំពិធីប្រណាំងទូកទៅតាមចំណង់ចំណូលចិត្ត។”

សម្តេចបន្តថា មកដល់ពេលនេះខេត្តខ្លះ បានត្រៀមបម្រុងទូកជាច្រើន។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា មានអ្នកវិភាគ និងមានវាយតម្លៃថា មូលហេតុដែលនាយករដ្ឋមន្ត្រីហ៊ុន សែន លុបចោលពិធីអុំទូកឆ្នាំនេះ គឺដោយសារមូលហេតរដ្ឋាភិបាលអស់លុយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំព្រះករុណាខ្ញុំ វាយតម្លៃខ្ពស់ចំពោះអ្នកវិភាគឆ្កួត និងការវាយតម្លៃរបស់ក្រុងមនុស្សមួយក្តាប់តូច»។ សម្តេចបន្តថា “ខ្ញុំទទួលស្គាល់ប្រទេសកម្ពុជា ក្រីក្រ ក៏ប៉ុន្តែប្រទេសកម្ពុជាមិនក្ស័យធន់នោះទេ យើងនៅតែមានលទ្ធភាព។”

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំពីមូលហេតុដែលមិនរៀបចំពិធីបុណ្យអុំទូកថា មានមូលហេតុពីរសំខាន់ដែលសុំមានការយោគយល់សម្រាប់ប្រជាពលរដ្ឋ។ ទីមួយ បញ្ហាកូវីដ មិនទាន់ចប់ទេ។ យើងបានលុបចោលបុណ្យអុំទូកនៅឆ្នាំ ២០២០ ២០២១ ហើយឆ្នាំនេះ យើងបន្តលុបបុណ្យអុំទូកនបន្តទៀត ដោយសារបញ្ហាកង្វល់ធំរបស់យើងមិនចង់ឱ្យមានការប្រមូលផ្ដុំទ្រង់ទ្រាយធំសម្រាប់ទីក្រុងភ្នំពេញហួសហេតុពេកនោះទេ។ បងប្អូនជនរួមជាតិអាចដឹងហើយថា ជារៀងរាល់ឆ្នាំប្រជាជនបានប្រមូលផ្ដុំនៅទីក្រុងភ្នំពេញមនុស្សរាប់លាននាក់នៅទីនេះ។ ដូច្នេះប្រសិនបើមានការឆ្លងរាលដាលដោយកូវីដ១៩ វានឹងបង្កើតបានស្ថានភាពដ៏គ្រោះថ្នាក់មួយទៀត ស្របពេលដែលបងប្អូនកំពុងបង្កបង្កើនផលនោះទេ។ មូលហេតុទី ពីរ គឺកាន់តែសំខាន់ជាងនេះទៀតដោយសារតែថ្ងៃអុំទូកចំថ្ងៃទី ៧ ទី ៨ ទី ៩ ហើយ។ ចំណុចនេះជាចំណុចដែលខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេនថា «តាមការគ្រោងរៀបចំរបស់យើង យើងត្រូវប្រជុំអាស៊ានចាប់ផ្ដើមនៅថ្ងៃទី ១០ ខែវិច្ឆិកា ថ្ងៃប្រជុំដ៏ធំនៅទីក្រុងភ្នំពេញ ដែលមានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធយ៉ាងច្រើនមកកាន់ទីក្រុងភ្នំពេញ។ ហើយប្រសិនបើកម្មវិធីមិនផ្លាស់ប្ដូរទេចាប់ផ្ដើមពីថ្ងៃទី ៧ទៅ គឺមានទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម ទី៨ មានទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីចិន និងថ្ងៃទី ៩ មានទស្សនៈកិច្ចផ្លូវការរបស់ប្រធានាធិបតីហ្វីលីពីន ។នេះមិនទាន់គិតទៅដល់តែយើងត្រូវគោរពវិធីបុណ្យជាតិដោយព្រះមហាក្សត្រព្រះអង្គយាងប្រទានភ្លើងជ័យនៅវិមានឯករាជ្យផង។ សម្រាប់ខ្ញុំព្រះករុណាខ្ញុំនាយករដ្ឋមន្ត្រី គឺមិនអាចលៃលកពេលវេលា ដើម្បីគ្រប់គ្រងជាមួយនឹងសភាពការបុណ្យអុំទូក ដែលមានមនុស្សដ៏ច្រើននៅក្នុងវេលាដែលយើងកំពុងត្រៀមការពារសន្តិសុខសម្រាប់ប្រមុខរដ្ឋប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបណ្ដាប្រទេសអាស៊ាន និងដៃគូអាស៊ាន និងស្ថាប័នពាក់ព័ន្ធដទៃមកប្រជុំនៅទីក្រុងភ្នំពេញ។

សម្តេចបញ្ជាក់ថា “នេះអាចចាត់ទុកថា ជាការប្រជុំដ៏ធំដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃការប្រជុំអាស៊ាន ដែលកម្រនឹងកើតមាននៅក្នុងឆ្នាំ២០២០ ២០២១ ដែលត្រូវធ្វើនៅប្រទេសវៀតណាម និងព្រុយណេ ប៉ុន្តែជាកុសលល្អយើងអាចធ្វើនៅទីក្រុងភ្នំពេញ២០២២។”

ជាមួយគ្នានេះសម្ដេចក៏បានបញ្ជាក់ថា ការលើកឡើងរបស់បុគ្គលមួយចំនួនថានរដ្ឋាភិបាលអស់លុយគ្មានលទ្ធភាព នឹងបម្រើឲ្យពិធីបុណ្យអុំទូក ក៏សូមវិភាគទៅតាមការគួរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង