ហុងកុង៖ កាលពីពេលថ្មីៗនេះ តារាសម្តែង Ron Ng បានចូលរួមក្នុងកម្មវិធីប្រកួត Call Me By Fire2 ដោយបានចែករំលែកជីវិតលើវិថីសិល្បៈដែលធ្វើឱ្យលោកធ្លាប់មានបទពិសោធន៍មិនបានគេងរយៈពេល ៧ថ្ងៃ គ្រាន់តែឮពាក្យមួយឃ្លានេះរួចមកធ្វើឱ្យសមាជិក្រុមដែលបានចូលរួមក្នុងកម្មវិធីជាមួយលោកលាន់មាត់យ៉ាងភ្ញាក់ផ្អើល និងនិយាយទៅកាន់ Ron Ng ថា ធ្វើបែបនេះលោកអាចស្លាប់បាន។
តារាប្រុសរូបនេះបានឱ្យដឹងថា រយៈពេល ២៤ឆ្នាំនៅក្នុងវិស័យសិល្បៈ សមិទ្ធផលដែលលោកបានចូលរួមសម្តែងមានប្រហែល ៨០រឿង ដែលក្នុងមួយឆ្នាំលោកសម្តែងបានប្រមាណ ៤-៥ រឿងជាហេតុធ្វើឱ្យកាលវិភាគពេញរកពេលសម្រាកគ្មាន។ Ron បានបន្ថែមថា អំលុងពេលថតលោកត្រូវក្រោកម៉ោង៦ព្រឹកដើម្បីរៀបចំខ្លួន និងចេញទៅធ្វើការម៉ោង៧ ហើយត្រូវថតរហូតដល់ម៉ោង ៦ល្ងាច។
បន្ទាប់ពីនោះគឺត្រូវត្រលប់ទៅក្រុមហ៊ុនដើម្បីញ៉ាំអាហារពេលល្ងាច និងត្រូវបន្តទៅស្ទូឌីយោដើម្បីថតបន្តរហូតដល់ម៉ោង៥ភ្លឺ បន្ទាប់ពីនោះមកទៀតគឺលោកបានត្រលប់ទៅផ្ទះដើម្បីងូតទឹកសម្អាតខ្លួនដោយត្រឹមរយៈពេលកន្លះម៉ោងគឺត្រូវត្រលប់ទៅធ្វើការវិញ។
រយៈពេល ៧ថ្ងៃលោកមិនបានសម្រាកឡើយ ប៉ុន្តែនៅពេលធ្វើដំណើរទៅកន្លែងថតលោកអាចធ្មេចភ្នែកបានរយៈពេល ២៥-៣០នាទីដែរ ទោះជាយ៉ាងណាគេងនៅលើរថយន្តក៏មិនអាចធ្វើឱ្យគេងលក់ស្រួលដែរ។
Ron បានបន្ថែមទៀតថា លោកមិនមានយោបល់អ្វីលើការខិតខំប្រឹងប្រែងទាំងនេះឡើយ ហើយប្រសិនជាលោកមិនធ្វើក៏មានអ្នកតម្រង់ជួរចាំធ្វើច្រើនណាស់ ដូចនេះរឿងអីដែលឱកាសនៅនឹងមុខហើយលោកព្រលែងចោលនោះ?