
កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១៤ ខែកញ្ញា Dara បានចូលរួមនៅក្នុងកម្មវិធីកម្សាន្ត Radiostar និងបានជជែកប្រធានបទជាច្រើនដែលក្នុងនោះនាងក៏បានលើកឡើងពីការសម្តែងកម្មវិធី Coachella ក៏ដូចជាបង្ហាញអារម្មណ៍របស់ខ្លួនបន្ទាប់ពីក្រុម 2NE1 ដ៏មានប្រជាប្រិយភាពត្រូវបានរំសាយ។

អតីតក្រុមដ៏មានឥទ្ធិពលមួយនេះ ធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំងរហូតសូម្បីតារាមួយចំនួនក៏ជាអ្នកគាំទ្រក្រុម 2NE1 មួយនេះផងដែរ។ នៅពេលដែលត្រូវពិធីការនី Ahn Young Mi សួរថា ក្រុម 2NE1 គឺជាក្រុមដែលមានប្រជាប្រិយភាពខ្លាំង តើ Dara មានអារម្មណ៍យ៉ាងណាដែរនៅពេលដែលត្រូវរំសាយចោលទាំងកំពុងល្បីបែបនេះ?
តារាស្រីរាងតូចច្រឡឹងរូបនេះបានឆ្លើយភ្លាមថា ពេលនោះមានអារម្មណ៍ដូចមេឃកំពុងបាក់ស្រុតមកអ៊ីចឹង ខាងភ្នាក់ងារយល់ថា វាមានការលំបាកក្នុងការផ្សព្វផ្សាយក្រុមពួកគេ ប៉ុន្តែសម្រាប់សមាជិកក្រុមសុទ្ធតែចង់បន្តដោយសារ 2NE1 នៅមានអ្នកគាំទ្រ។ រយៈពេល ៧ឆ្នាំដែល 2NE1 ទទួលបានការផ្សព្វផ្សាយសម្រាប់ក្រុមរបស់ខ្លួន ប៉ុន្តែអាល់ប៊ុមពេញគឺចេញបានតែ២ប៉ុណ្ណោះ។
Dara បានបន្ថែមថា បន្ទាប់ពីរំសាយក្រុមមក រយៈពេល២-៣ឆ្នាំដែលជីវិតនាងហាក់ខ្មៅងងឹតខ្លាំងតែម្តង។ ទោះជាយ៉ាងណា សមាជិកក្រុមទាំងអស់សុទ្ធតែជឿថា ថ្ងៃណាមួយពួកគេនឹងអាចវិលត្រលប់មកចាប់ក្រុមសាជាថ្មីមិនខាន៕



