×

ប្រសិន​មិន​ក្លាយជា​តារាចម្រៀង Lisa ប្រហែល​ចាប់​អាជីព​ជាអ្នកថតរូប​បាត់

កូរ៉េខាងត្បូង៖ នៅក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះជាមួយ Vogue តារាចម្រៀងវ័យក្មេង Lisa ដែលជាសមាជិកក្រុម BLACKPINK បានឱ្យដឹងថា កាលនៅក្មេង នាងចាប់អារម្មណ៍ជំនាញផាត់មុខ និងហ្វេសសិន។

នាងបានឱ្យដឹងបន្ថែមថា នាងពិតជាចូលចិត្តការផាត់មុខខ្លាំងណាស់ ដូចនេះបន្ទាប់ពីប្រឡូកក្នុងសិល្បៈមក នាងក៏បានស្វែងយល់ពីការតុបតែងខ្លួនដើម្បីច្នៃម៉ូតផ្ទាល់ខ្លួនផងដែរ ហើយនៅពេលថតអាល់ប៊ុមចម្រៀងថ្មី ឬ នៅពេលថតសម្រាប់ដាក់ទស្សនាវដ្តី Lisa តែងស្នើសុំពីការតុបតែងខ្លួនដែលនាងគិតចង់សាកល្បងផងដែរ។

ឱកាសដែលបានធ្វើឱ្យតារាស្រីរូបនេះក្លាយជាសមាជិកក្រុមតារាចម្រៀងដ៏ល្បី BLACKPINK ក្រៅពីមានរូបសម្បត្តិស្រស់ស្អាតពីធម្មជាតិហើយ Lisa ក៏មានសមត្ថភាពមិនធម្មតាដែរដែលជាក់ស្តែង នាងបានចាប់ផ្តើមហាត់រាំតាំងពីអាយុ ៤ឆ្នាំម្ល៉េះ។ ហើយសមត្ថភាព និងទេពកោសល្យរបស់ Lisa ក៏បានធ្វើឱ្យជំហានលើវិថីសិល្បៈទទួលបានជោគជ័យខ្លាំងមិនធម្មតាឡើយមកទល់ពេលបច្ចុប្បន្ននេះ។

យ៉ាងណាមិញ Lisa ធ្លាប់បានបញ្ជាក់ឱ្យដឹងថា កាលនៅក្មេងនាងធ្លាប់ចង់ក្លាយជាតារាបង្ហាញម៉ូតម្នាក់ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន Lisa បែរជាបញ្ជាក់ថា នាងចូលចិត្តនៅក្រោយឆាកច្រើនជាង ហើយនាងក៏ចូលចិត្តដើរថតរូបផងដែរ ដូចនេះប្រសិនជានាងមិនមែនជាតារាចម្រៀងទេ ម្ល៉េះពេលនេះនាងប្រហែលជាធ្វើជាអ្នកថតរូបហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង