×

មនុស្សម្នាក់​ស្លា ប់ និង ៦៩នាក់​ផ្សេងទៀត​រងរបួស ក្រោយពី​ខ្យល់ព្យុះ​កំបុតត្បូង Nanmadol វាយប្រហារ​ប្រទេសជប៉ុន​នៅរសៀល​ថ្ងៃចន្ទនេះ

ជប៉ុន៖ ខ្យល់ព្យុះកំបុតត្បូងណានម៉ាដុល (Nanmadol) បានបង្កឱ្យមានខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំង នៅតាមផ្នែកខ្លះក្នុងប្រទេសជប៉ុន នៅថ្ងៃចន្ទនេះ ហើយនេះក៏ជាព្យុះដ៏ធំបំផុតមួយ ដែលបានវាយប្រហារប្រទេសជប៉ុនជាច្រើនឆ្នាំ ។ ក្នុងនោះដែរ តាមពត៌មានចុងក្រោយ ព្យុះនេះបានសម្លាប់មនុស្សម្នាក់ និងបង្កជាការរំខានដល់ការដឹកជញ្ជូន និងបង្ខំឱ្យក្រុមហ៊ុនផលិតផលមួយចំនួនផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នសិន។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK បានរាយការណ៍នៅរសៀលថ្ងៃនេះថា បុរសម្នាក់បានស្លាប់ បន្ទាប់ពីទឹកជំនន់គួចយករថយន្តរបស់គាត់ទៅ ហើយក្រុមការងារជួយសង្គ្រោះ កំពុងព្យាយាមស្វែងរកបុរសវ័យ ៤០ ឆ្នាំ ថាតើគាត់ជាប់នៅខាងក្នុងរថយន្តដែលត្រូវបានទឹកជំនន់នាំយកទៅឬយ៉ាងណា។ បន្ថែមលើសពីនេះទៀត ក៏មានមនុស្សចំនួន ៦៩នាក់ផ្សេងទៀតរងរបួសដោយសារតែវារីភ័យនេះដែរ ។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ (NHK) ដដែលបានបញ្ជាក់បន្ថែមទៀតថា ក្រសួងពាណិជ្ជកម្មជប៉ុន បានលើកឡើងថា ប្រហែល ៣៤០,០០០ គ្រួសារ ដែលភាគច្រើននៅក្នុងទីក្រុង Kyushu ប្រឈមនឹងកង្វះខាតអគ្គិសនីប្រើប្រាស់ នៅព្រឹកថ្ងៃចន្ទ ខណៈដែលក្រុមហ៊ុនអាយស្ម័យាន Kyushu Railway បានបញ្ជាក់ថា ខ្លួនបានបញ្ឈប់ប្រតិបត្តិការនៅតាមស្ថានីយ Kyushu ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន (Japan Airlines និង ANA Holdings) បានលុបចោលជើងហោះហើរប្រមាណជា ៨០០ របស់ខ្លួន ។ ចំណែកឯសាលារៀនភាគច្រើន ក៏ត្រូវបានឈប់សម្រាកផងដែរនៅរសៀលថ្ងៃចន្ទនេះ ។

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ Reuters

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង