×

មិនគិតគូរ​រឿង​សាងគ្រួសារ ប៉ុន្តែ Zhou Jie ផ្ទុះរឿង​អាស្រូវ​ស្នេហា​មិនចេះចប់ ពេលនេះ​ត្រូវ​មហាជន​សង្ស័យថា​កំពុង​ទាក់ទង​ជាមួយ​តារា​បង្ហាញម៉ូតម្នាក់

កម្សាន្ត៖ បន្ទាប់ពីមានវត្តមានក្នុងរឿងដ៏ល្បី “ព្រះនាងយេយេ” រួចមក ធ្វើឱ្យតារាប្រុស Zhou Jie ទទួលបានប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈចាប់តាំងពីពេលនោះមក។ យ៉ាងណាមិញ ប្រលូកក្នុងវិស័យមួយនេះរយៈពេលជាយូរឆ្នាំ និងមានវ័យ ៥២ឆ្នាំទៅហើយ ប៉ុន្តែតារាប្រុសរូបនេះមិនទាន់គិតចង់សាងគ្រួសារដូចតារាឯទៀតឡើយ។

ទោះជាមិនដែលលេចឭរឿងមានប្រពន្ធកូនក៏ពិតមែន ប៉ុន្តែ Zhou Jie តែងធ្លាយព័ត៌មានចចាមអារ៉ាមអាស្រូវស្នេហាមិនចេះចប់។ ក្នុងឆ្នាំ ២០២១ Zhou Jie ត្រូវបាននារីម្នាក់បញ្ជាក់ឱ្យដឹងថា លោកបានបង្ខំឱ្យមិត្តស្រីរបស់ខ្លួនញ៉ាំថ្នាំពន្យារកំណើត ប្រសិននាងមិនព្រមទេនោះ លោកនឹងទាក់ទងនារីផ្សេងទៀតទោះជាយ៉ាងណា Zhou Jie បានបដិសេធព័ត៌មានមួយនេះថាមិនពិត។

បន្ទាប់ពីផ្ទុះរឿងអាស្រូវស្នេហាមិនចេះចប់ ធ្វើឱ្យ Zhou Jie ធ្លាក់កូតក្នុងសិល្បៈខ្លាំងរហូតលោកត្រូវបង្ខំចិត្តចាកចេញពីសិល្បៈ និងត្រលប់ទៅស្រុកកំណើតវិញដោយពេលនោះលោកបានជួលដីធ្វើកសិកម្ម ប្រកបដោយភាពជោគជ័យសល់ទ្រព្យសម្បត្តិជិត ២០លានដុល្លារ។

ពាក់ព័ន្ធនឹងរឿងស្នេហាបច្ចុប្បន្នវិញ Zhou Jie កំពុងត្រូវបានសង្ស័យថាកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាបង្ហាញម៉ូតម្នាក់ដែលក្នុងវីដេអូមួយត្រូវបានចែកចាយលើបណ្តាញសង្គម ឃើញអ្នកទាំង២ស្និទ្ធស្នាលគ្នាខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយផ្ទុះពាក្យចចាមអារ៉ាមទាំងនេះហើយ តារាបង្ហាញម៉ូតវ័យក្មេងរូបនោះបានចែករំលែករូបចិញ្ចៀនពេជ្រមួយដោយភ្ជាប់មកជាមួយឃ្លាថា “ស្នេហាគឺនៅពេលមនុស្ស២នាក់ផ្តល់ក្តីស្រលាញ់ឱ្យគ្នាទៅវិញទៅមក”។

គួរបញ្ជាក់ដែរថា ចំពោះពាក្យចចាមអារ៉ាមលើកនេះ Zhou Jie មិនទាន់ធ្វើការបកស្រាយអ្វីឡើយ ប៉ុន្តែកន្លងមក ទាក់ទងនឹងរឿងស្នេហា តារាប្រុសរូបនេះមិនដែលបង្ហាញជាសាធារណៈឡើយដោយលោកតែងរក្សាជីវិតឯកជនស្នេហារបស់ខ្លួនយ៉ាងស្ងប់ស្ងាត់បំផុត៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង