ប្រេស៊ីល បានថ្កោលទោសចំពោះការរើសអើងជាតិសាសន៍ទៅលើ Richarlison បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ ត្រូវបានគេគប់ចេក និងវត្ថុផ្សេងទៀតមកលើគាត់ក្នុងការប្រកួតមិត្តភាព ជាមួយក្រុមទុយណេស៊ី។
ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីខ្សែប្រយុទ្ធក្រុម Tottenham Hotspur បានធ្វើការអបអរការស៊ុតបាល់បញ្ចូលទីគ្រាប់ទីពីររបស់ប្រេស៊ីល ក្នុងទីក្រុងប៉ារីស ដែលបញ្ចប់ដោយលទ្ធផល 5-1 ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល បាននិយាយថា ខ្លួន “បានពង្រឹងជំហររបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍” និង “បដិសេធការបង្ហាញនៃការរើសអើងណាមួយ” ។
ប្រេស៊ីល បានបង្ហាញបដាប្រឆាំងការរើសអើងជាតិសាសន៍ មុនពេលចាប់ផ្តើមការប្រកួត។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល លោក Ednaldo Rodrigues បានបន្ថែមថា៖ “មិនថានៅក្នុង ឬក្រៅទីលានទេ អាកប្បកិរិយាបែបនេះមិនអាចអត់ឱនឱ្យបានទេ” ។
គ្រាប់បាល់របស់ Richarlison បានផ្ដល់ការនាំមុខរបស់ប្រេស៊ីលសាជាថ្មី បន្ទាប់ពីកីឡាករ Montassar Talbi របស់ទុយណេស៊ីបានរកគ្រាប់បាល់តាមស្មើ ក្រោយការស៊ុតបាល់បញ្ចូលទីរបស់ Raphinha ។
Neymar បានបន្ថែមបាល់ប៉េណាល់ទី មុនពេល Raphinha រកបានគ្រាប់ទីពីររបស់គេ ហើយ Pedro បានស៊ុតបញ្ចូលទីគ្រាប់ទី 5 ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕